
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin (សេដ្ឋា ថាវីស៊ីន) បាននិយាយថា ប្រទេសថៃ និងចិន នឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការ សម្រាប់ពលរដ្ឋនៃប្រទេសទាំង២ ចាប់ពីខែមីនាតទៅ។
កាលពីខែកញ្ញាឆ្នាំមុន ប្រទេសថៃបានអនុវត្តកម្មវិធីលើកលែងទិដ្ឋាការ សម្រាប់ជនជាតិចិន ក្នុងគោលបំណង ជំរុញដល់លំហូរភ្ញៀវទេសចរ។ ក្នុងពេលដែលប្រទេសថៃកំពុងចាប់ផ្តើមបាត់បង់នូវការទាក់ទាញរបស់ខ្លួន ចំពោះអ្នកធ្វើដំណើរកម្សាន្តជនជាតិចិន កម្មវិធីនេះបានឃើញនូវផលតបស្នងយ៉ាងល្អប្រសើរ ដោយអាជ្ញាធរ បានប្រាប់ថា ជនជាតិចិនជាង ២២.០០០នាក់ បានចូលទៅលេងកម្សាន្តនៅប្រទេសអាស៊ីអាគ្នេយ៍ ក្នុងរយៈពេល ២ថ្ងៃដំបូងនៃការលើកលែងនេះ។
អំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារ (ទី២ ខែមករា) នេះ លោក សេដ្ឋា បាននិយាយថា៖ «ឥឡូវនេះយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបើកប្រទេស និងផ្ដល់ការថែទាំដល់ភ្ញៀវទេសចរឲ្យបានល្អ នៅក្នុងប្រទេសទាំង២។ នេះជាព័ត៌មានស្វាគមន៍ដ៏កក់ក្ដៅ»។ លោកបានបន្តថា៖ «នេះគឺជាការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសថៃ និងប្រទេសចិន ហើយនិងការលើកកម្ពស់ដល់សារៈសំខាន់នៃលិខិតឆ្លងដែនរបស់ថៃ»។
ជនជាតិចិន ជាក្រុមភ្ញៀវទេសចរបរទេសធំបំផុតទី២ របស់ប្រទេសថៃបន្ទាប់ពីជនជាតិម៉ាឡេស៊ី។ អាជ្ញាធរទេសចរណ៍ថៃបាននិយាយកាលពីខែវិច្ឆិកាថា ខ្លួនរំពឹងថា នឹងមានភ្ញៀវទេសចរចិនរហូតដល់ ៣,៥លាននាក់ ពេញមួយឆ្នាំ២០២៣ ដែលនៅតែតិចជាងគោលដៅរបស់ខ្លួនចំនួន ៤លាននាក់។ ចំនួននេះគឺតិចជាងពាក់កណ្តាលនៃភ្ញៀវទេសចរចិនជិត ១១លាននាក់ ដែលបានធ្វើដំណើរទៅថៃ ក្នុងឆ្នាំ២០១៩ ប៉ុន្តែនៅតែមានន័យថា មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ ចាប់ពីឆ្នាំ២០២២ នៅពេលដែលប្រទេសនេះទទួលបានត្រឹមតែ ២៧០.០០០នាក់ប៉ុណ្ណោះ៕