
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subhramanyam Jaishankar នៅថ្ងៃអង្គារ (ទី២ ខែមករា) នេះ បាននិយាយថា ប្រទេសកាណាដា ដែលផ្តល់កន្លែងសុខស្រួលដល់ក្រុមបំបែកខ្លួនសាសនា Sikh កំពុងធ្វើឲ្យខូចទំនាក់ទំនងរបស់ទីក្រុង Ottawa ជាមួយទីក្រុង New Delhi។
ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ ANI នៅទីក្រុង New Delhi លោក Jaishankar បានប្រាប់ថា៖ «បញ្ហាសំខាន់ គឺថា នៅក្នុងនយោបាយកាណាដា កងកម្លាំង Khalistani (ក្រុមបំបែកខ្លួន) ទាំងនេះ ត្រូវបានផ្តល់កន្លែងសុខស្រួលយ៉ាងច្រើន និងត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពនានាយ៉ាងរំភើយ ដែលខ្ញុំគិតថា កំពុងធ្វើឲ្យខូចទំនាក់ទំនងប្រទេសទាំង២ ដោយច្បាស់ណាស់មិនមែនតែក្នុងផលប្រយោជន៍របស់ឥណ្ឌាប៉ុណ្ណោះទេ តែខ្ញុំនឹងអះអាងថា ទាំងក្នុងផលប្រយោជន៍កាណាដាផងដែរ ប៉ុន្តែគួរឲ្យសោកស្ដាយ នោះជាលក្ខខណ្ឌនយោបាយរបស់ពួកគេ»។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសកាលពីថ្ងៃទី១៨ ខែកញ្ញាថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កាណាដា កំពុងបន្តការចោទប្រកាន់ដ៏គួរឲ្យទុកចិត្ត ដែលបានភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនា Sikh លោក Hardeep Singh Nijjar វ័យ ៤៥ឆ្នាំ នៅខេត្ត British Columbia ក្នុងខែមិថុនា ដោយធ្វើឲ្យទំនាក់ទំនងការទូត រវាងប្រទេសទាំង២ ធ្លាក់ចុះ។
ទីក្រុង New Delhi បានច្រានចោលការអះអាងរបស់កាណាដាទាំងកំហឹង ដែលបង្កឲ្យមានជម្លោះការទូត ដោយភាគីទាំង២ បានបណ្តេញអ្នកការទូតរៀងៗខ្លួន និងបានធ្វើឲ្យកិច្ចចរចាពាណិជ្ជកម្មដ៏មានសក្តានុពលអស្ថិរភាព៕