មនុស្សយ៉ាងហោចណាស់ ៥៧ នាក់បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារឧបទ្វីប ណូតូ (Noto) និងតំបន់ជុំវិញភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកល ស្របពេលមានរបាយការណ៍អំពីការខូចខាតកាន់តែច្រើន ហើយក្រុមអ្នកជួយសង្គ្រោះបានប្រឹងប្រែងឥតសម្រាកក្នុងការស្វែងរកអ្នករស់រានមានជីវិត ខណៈមានរលករញ្ជួយជាបន្តបន្ទាប់កាលពីថ្ងៃអង្គារ។

ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានបំផ្លិចបំផ្លាញលំនៅឋាននៅទីក្រុង ស៊ូស៊ុយ (Suzu)នៅចុងឧបទ្វីប និងបណ្តាលឱ្យមានអគ្គិភ័យនៅក្នុងទីក្រុង វ៉ា ជីម៉ា (Wajima) ក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa) ។ ប៉ុន្តែទំហំនៃការខូចខាតទាំងស្រុងនៅមិនទាន់ដឹងនៅឡើយទេ ដោយគ្របដណ្ដប់ទៅដោយកម្ទេចថ្ម ហើយផ្លូវនានារងការខូចខាតធ្ងន់ធ្ងររំខានដល់ការផ្គត់ផ្គង់ជំនួយ និងប្រតិបត្តិការជួយសង្គ្រោះ។អភិបាលក្រុងស៊ូស៊ុយ (Suzu) លោក ម៉ាស៊ូហ៊ីរ៉ូ អ៊ីហ្ស៊ូមីយ៉ា (Masuhiro Izumiya) បាននិយាយនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខេត្តថា ស្ថានភាពធ្ងន់ធ្ងរណាស់ ស្របពេលលំនៅឋាន ប្រហែល៩០% ភាគរយត្រូវបានបំផ្លាញទាំងស្រុង ឬស្ទើរតែទាំងស្រុង។

យោងតាមរបាយការណ៍ខេត្ត ជនរងគ្រោះទាំង ៥៧ រួមមាន ២៤ នាក់ដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុង វ៉ាជីម៉ា (Wajima) ២០ នាក់នៅ ទីក្រុងស៊ូស៊ុយ (Suzu)និង៥ នាក់នៅទីក្រុង ណាណាវ(Nanao) ក្នុងចំណោមអ្នកផ្សេងទៀត ។

ការព្រមានអំពីរលកយក្សស៊ូណាមិដែលគ្របដណ្តប់តំបន់យ៉ាងធំតាមបណ្តោយសមុទ្រជប៉ុនត្រូវបានដកចេញកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីរលកខ្ពស់បំផុតយ៉ាងហោចណាស់១,២ម៉ែត្របានទៅដល់កំពង់ផែវ៉ាជីម៉ា កាលពីថ្ងៃចន្ទបន្ទាប់ពីការរញ្ជួយនៅម៉ោង ៤:១០ រសៀល។ គ្រោះរញ្ជួយដីនេះក៏បានបណ្តាលឱ្យមានរបួស និងការខូចខាតរចនាសម្ព័ន្ធនៅក្នុងខេត្តនីហ្គាតា( Niigata) ខេត្តតូយ៉ាម៉ា (Toyama) ខេត្ត ហ្វ៊ូគូ(Fukui) និង ខេត្ត គីហ្វ៊ូ (Gifu) ផងដែរ។មន្ត្រីរដ្ឋបាលខេត្តអ៊ីហ្ស៊ីកាវ៉ា(Ishikawa)បាននិយាយថា អគ្គិភ័យបានឆាបឆេះកម្ទេចអគារជាង ២០០កន្លែង នៅក្នុងតំបន់ វ៉ាជីម៉ា ភាគកណ្តាល ប៉ុន្តែត្រូវបានពន្លត់ដោយជោគជ័យដោយអាជ្ញាធរខេត្ត អ៊ីហ្ស៊ីកាវ៉ា៕