ប្រភពពីប៉ាឡេស្ទីនបានប្រាប់សារព័ត៌មានស៊ីនហួ ថាក្រុមហាម៉ាស បានប្រកាសពីការផ្អាកការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែល បន្ទាប់ពីមេដឹកនាំរងរបស់ខ្លួនម្នាក់គឺលោក សាឡេស អាល់អារួរី (Saleh al-Arouri) ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃអង្គារ (០២ មករា) នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរ៉ូត ប្រទេសលីបង់។

ប្រភពពីក្រុមហាម៉ាសបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «យើងបានជូនដំណឹងដល់បងប្អូននៅកាតា និងអេហ្ស៊ីបអំពីការផ្អាកការចរចា»។ ប្រទេសកាតា និងអេហ្ស៊ីប បាននិងកំពុងសម្រុះសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ប្រភពនោះបានបន្ថែមថា ក្រុមហាម៉ាស ដែលកំពុងប្រយុទ្ធនៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល បានបដិសេធរាល់ការពិភាក្សាអំពីការឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ស្របពេលមានការឈ្លានពានរបស់អ៊ីស្រាអែលកាន់តែកើនឡើង និង «គម្រោងធ្វើឃាត» ប្រឆាំងនឹងបណ្ដាមេដឹកនាំប៉ាឡេស្ទីន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បានបញ្ជាក់ថាសមាជិករបស់ខ្លួនចំនួនប្រាំពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយបានថ្កោលទោសថាវាជាអំពើភេរវកម្ម «ដ៏ព្រៃផ្សៃ និងឃោរឃៅ» ហើយរំលោភលើអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងថ្កោលទោសការពង្រីកការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន និងប្រជាជនប៉ាឡេស្ទីន។
មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលលើឧបទ្ទវហេតុនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ដែលដកស្រង់សម្តីក្រុមមន្ត្រីជាន់ខ្ពស់ បាននិយាយថា ប្រទេសនេះកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹង «ការសងសឹកយ៉ាងសំខាន់» ដោយក្រុមហាម៉ាស ឬសម្ព័ន្ធមិត្តដែលគាំទ្រដោយអ៊ីរ៉ង់ គឺក្រុមហេសបូឡា រួមទាំងការបាញ់បង្ហោះអាវុធកំណត់គោលដៅទីក្រុងនានារបស់អ៊ីស្រាអែល៕