ភ្នំពេញ ៖ រយៈពេលពីរថ្ងៃទៀត គឺត្រូវនឹងថ្ងៃទី២៤ខែមិថុនានេះ រដ្ឋសភា នឹងប្រជុំពេញអង្គបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដោយកិច្ចប្រជុំ បានអនុម័តកំណត់ កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅថ្ងៃទី២៤ ខែមិថុនានេះ។ អ្វីដែលសំខាន់នោះ គឺការប្រជុំពេញអង្គបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
កិច្ចប្រជុំព្រឹកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈមួយចំនួនទៀត សម្រាប់សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ រួមមាន ព្រះរាជសាររបស់ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦។
របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៥ និងលើកទី៦ នីតិកាលទី៦។ ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នៃរដ្ឋសភា នីតិកាលទី៦ ចំនួនពីររូប ជំនួសសមាជិក ដែលបានលាលែង។
ចំណែកសេចក្តីព្រាងច្បាប់ ដែលនឹងលើកយកមកពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦នោះ រួមមាន សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូន អគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ និងសម្រាប់គម្រោងអភិវឌ្ឍ ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិន ណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្កាវ៉ាត់ ខេត្តកោះកុង៕
អត្ថបទ៖ បាន ចក់
