ក្រុមនិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសជប៉ុន បានចេញវីដេអូបញ្ជាក់ពីសុវត្ថិភាពរបស់ពួកគេ បន្ទាប់ពីគ្រោះមហន្តរាយ ដោយការរញ្ជួយដីនៅប្រទេសជប៉ុនម្រិត ៧,៦ រ៉ិចទ័រ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់អំពីស្ថានភាពពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះដែរថា សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល ក្រសួងការបរទេស និងស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរមួយ ចំនួនរស់នៅក្នុងប្រទេសជប៉ុន។ ស្ថានទូតក៏បានផ្សព្វផ្សាយនូវលេខទូរស័ព្ទ ០៨០ ៤៦៨៩ ៩៣៧៤ និងទំព័រហ្វេសបុករបស់ស្ថានទូត (Royal Embassy of Cambodia in Japan) សម្រាប់ការទំនាក់ទំនងដោយផ្ទាល់ ក្នុងករណីមានតម្រូវការចាំបាច់ណាមួយ។

យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរចំនួនជាង ១ ៦០០ នាក់ ដែល រស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦)។ យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា (គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក ពុំមានរបាយការណ៍ អំពីករណីពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដី ខាងលើទេ។ ដោយឡែកមានរបាយការណ៍អំពីនិស្សិតខ្មែរចំនួន ៣ រូប ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន ៥ រូបផ្សេងទៀតដែលស្ថិតក្នុងខេត្ត នីហ្កាតា (Niigata) ត្រូវបានជម្លៀសមក ទីតាំងមានសុវត្ថិភាពរួចហើយ។ ស្ថានទូតកម្ពុជានឹងបន្តតាមដាន និងសហការជាមួយ អាជ្ញាធរជប៉ុនពាក់ព័ន្ធ ដើម្បីរាយការណ៍ជាប្រចាំអំពីស្ថានភាពវិវត្តន៍។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអំពាវនាវពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនបន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរព និងអនុវត្តតាម ការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕ អត្ថបទ៖ វ៉ន ដារ៉ា