ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ចេញថ្ងៃទី២១មិថុនា ម្សិលមិញនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិកស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ក្រោមមូលបទ «ការជំរុញកិច្ចសហប្រតិបត្តិការស្តីពីការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកល សម្រាប់ការងើបឡើងវិញប្រកបដោយនិរន្តរភាព ដែលនឹងប្រព្រឹត្តទៅតាម ប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹង ធ្វើជាប្រធានដឹកនាំសន្និសីទ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសដៃគូ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។ សន្និសីទ នឹងពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែម ទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីសម្រេចបាននូវការស្ដារសេដ្ឋកិច្ច សង្គមឡើងវិញ ព្រមទាំងលើកកម្ពស់ភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ ដោយផ្តោតលើ ទិដ្ឋភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ពហុភាគីនិយមដែលបើកចំហរ និងប្រកបដោយបរិយាប័ន្ន ការជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅធានានូវការទទួលបានវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ប្រកបដោយសមធម៌សម្រាប់សកលលោក និងការស្តារសេដ្ឋកិច្ច-សង្គមប្រកបដោយ ចីរភាព។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីក៏នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយនិងជាក់លាក់ដល់សន្និសីទផងដែរ៕
អត្ថបទ៖ មុត សុទ្ធ

