ទីភ្នាក់ងាររដ្ឋបារាំងបាននិយាយកាលពីថ្ងៃអង្គារ (០២ មករា) ថាក្រុមអ្នកជំនាញផ្នែកនីតិកោសល្យវិទ្យាមកពីក្រុមហ៊ុនផលិតយន្តហោះ អ៊ែរប៊ឺស (Airbus) និងទីភ្នាក់ងាររដ្ឋបារាំង ប៊ីអេអ៊ី (BAE) ត្រូវបានបញ្ជូនទៅកាន់ប្រទេសជប៉ុន ហើយទៅដល់នៅថ្ងៃពុធ (០៣ មករា) នេះដើម្បីជួយក្រុមអាជ្ញាធរស៊ើបអង្កេតគ្រោះថ្នាក់ដ៏រន្ធត់ដែលពាក់ព័ន្ធនឹងយន្តហោះ A350 នៅអាកាសយានដ្ឋាន ហាណេដា (Haneda) ទីក្រុងតូក្យូ។

ក្រុមហ៊ុន អ៊ែរប៊ឺស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា យន្តហោះដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់នោះគឺប្រភេទ MSN 538 ដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ជើផេន អ៊ែរឡាញស៍ (Japan Airlines) បន្ទាប់ពីបានផលិតក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយត្រូវបានបំពាក់ដោយម៉ាស៊ីនប្រភេទ រ៉ូលស៍រ៉យ ត្រេន អ៊ិចដាប់ប៊ែលយ៉ូប៊ី (Rolls-Royce Trent XWB)។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ជើផេន អ៊ែរឡាញស៍ បានផ្ទុះឆេះកាលពីថ្ងៃអង្គារ ខណៈវាបានរអិលធ្លាក់ពីផ្លូវបន្ទាប់ពីបុកជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុនដែលបានសម្លាប់នាវិកប្រាំនាក់ ក្នុងចំណោមនាវិកប្រាំមួយនាក់នៅលើនោះ។ អ្នកដំណើរទាំង ៣៦៧នាក់ និងនាវិក ១២នាក់ ត្រូវបានជម្លៀសចេញពីគ្រោះអគ្គិភ័យដោយសុវត្ថិភាព៕

