ប្រទេសទួរគី ត្រូវគេរាយការណ៍ថា បានឃុំខ្លួនមនុស្ស ៣៣នាក់ ដែលសង្ស័យថាបានធ្វើចារកម្មឲ្យ ប្រទេសអ៊ីស្រាអែល។

ទីភ្នាក់ងារ Anadolu បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមអាជ្ញាធរនៅតែកំពុងស្វែងរកមនុស្ស ១៣នាក់ផ្សេងទៀត ដែលត្រូវគេជឿថាមានទំនាក់ទំនងជាមួយសេវាសន្តិសុខ ម៉ូហ្សាដ (Mossad)របស់អ៊ីស្រាអែល។ ទីក្រុងអង់ការ៉ា ធ្លាប់បានព្រមានថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល វាយប្រហារលើក្រុមហាម៉ាស នៅខាងក្នុងព្រំដែនរបស់ប្រទេសទួរគីឡើយ។

ទីភ្នាក់ងារនេះបានរាយការណ៍ថា ជនសង្ស័យត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់ក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងខេត្តចំនួន៧រផ្សេងទៀតលើការចោទប្រកាន់ថាមានផែនការធ្វើសកម្មភាពដែលរួមមាន ការឈ្លបយកការណ៍ និង ការតាមប្រមាញ់ វាយប្រហារ និងចាប់ជំរិត ជនបរទេសដែលរស់នៅក្នុងប្រទេសទួរគី។

រដ្ឋមន្ត្រីមហាផ្ទៃលោកអាលី យឺលីកាយ៉ា (Ali Yerlikaya) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យើងនឹងមិនអនុញ្ញាតឱ្យសកម្មភាពចារកម្ម ត្រូវបានធ្វើឡើងប្រឆាំងនឹងការរួបរួមជាតិ និងសាមគ្គីភាពនៃប្រទេសរបស់យើងឡើយ។
សារព័ត៌មាន Anadolu ពុំបានផ្តល់ព័ត៌មានអំពីជនសង្ស័យឬជនបរទេសដែលត្រូវបានគេចោទថាជាគោលដៅនោះទេ។ របាយការណ៍នេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល លោក ស៊ីនបេត (Shin Bet) បាននិយាយនៅក្នុងខ្សែអាត់សំឡេងថា អង្គការរបស់លោក ត្រូវបានរៀបចំដើម្បីបំផ្លាញក្រុមហាម៉ាស នៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងប្រទេសលីបង់ ទួរគី និងកាតា។
លោកប្រធានាធិបតីទួរគី រីស៊ីប តាយីប អឺដូហ្គែន (Recep Tayyip Erdogan) បានព្រមានអ៊ីស្រាអែលពី ផលវិបាកធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះ នៅតែបន្តទៅមុខដោយការគំរាមកំហែងរបស់ខ្លួនក្នុងការវាយប្រហារលើក្រុមមន្ត្រីក្រុមហាម៉ាស នៅលើទឹកដីរបស់ទួរគី៕