អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ (០២ មករា) ថាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតើរ៉េស (Antonio Guterres) មើលឃើញថាការធ្វើឃាតមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស នៅក្នុងការវាយប្រហារដែលសង្ស័យពីអ៊ីស្រាអែល នៅទីក្រុងបេរ៉ូត (Beirut) នៅប្រទេសលីបង់ គឺជាការវិវឌ្ឍន៍ដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។

លោកស្រី ហ្វ្លរ៉េនសា សូតូនីណូ (Florencia Soto Nino) ដែលជាសហការីអ្នកនាំពាក្យរបស់លោក ហ្គុយតើរ៉េស បាននិយាយថា «ជាក់ស្តែងណាស់ ការវិវឌ្ឍន៍នេះគឺជារឿងដ៏ព្រួយបារម្ភយ៉ាងខ្លាំង។ ហើយខ្ញុំគិតថានេះពិតជាបញ្ជាក់ពីអ្វីដែលលោកអគ្គលេខាធិកាទើបតែបាននិយាយអំពីគ្រោះថ្នាក់នៃការរាលដាលនៃជម្លោះរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងតំបន់ដ៏ធំទូលាយ»។

លោកស្រីបានបន្ថែមថា «លោកអគ្គលេខាធិការជំរុញឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់»។
ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ បាននិយាយថា មនុស្ស៦នាក់បានស្លាប់ នៅពេលដែលយានដ្រូនបានវាយប្រហារការិយាល័យរបស់ក្រុមហាម៉ាស។

ប្រភពសន្តិសុខចំនួនពីរបាននិយាយថា ការវាយប្រហារបានកំណត់គោលដៅលើកិច្ចប្រជុំមួយ ហើយមេបញ្ជាការសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់ទៀតក៏ស្ថិតក្នុងចំណោមពួកគេនោះដែរ ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីជនរងគ្រោះបួននាក់ទៀតនោះទេ៕