អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារ (០២ មករា) ថាកងទ័ពរបស់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលយន្តហោះ និងរថក្រោះរបស់ខ្លួនបានបង្កើនការវាយប្រហារនៅភាគខាងត្បូងនៃតំបន់ប៉ាឡេស្ទីន។

អ្នកស្រុកបាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏កំពុងបន្តផ្ទុះឡើងនៅក្នុងតំបន់កណ្តាលផងដែរ ដោយលើកឡើងពីការបាញ់ផ្លោងដោយរថក្រោះអ៊ីស្រាអែលលើផ្នែកខ្លះនៃជំរំជនភៀសខ្លួន អាល់ប៊ុរេច (Al-Bureij)។

ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា ប្រជាជនប៉ាឡេស្ទីនចំនួន ២០៧នាក់ត្រូវបានសម្លាប់ និងមនុស្ស ៣៣៨នាក់បានរងរបួសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបខាងប៉ាឡេស្ទីនដែលបានកត់ត្រាកើនឡើងដល់ ២២.១៨៥នាក់ និងរបួសចំនួន ៥៧.០៣៥នាក់ ក្នុងរយៈពេលជិត ៣ខែនៃសង្គ្រាមនៅក្នុងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

ការប្រយុទ្ធចុងក្រោយនេះបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសពីផែនការដកកងទ័ពមួយចំនួនមកវិញ ដែលជាសញ្ញានៃដំណាក់កាលថ្មីក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ស្របពេលមានការព្រួយបារម្ភជាសកលចំពោះស្ថានភាពរបស់អ្នកស្រុកនៅតំបន់ហ្កាហ្សា។
ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានបំផ្លាញទឹកដីភាគច្រើននៃតំបន់នេះទៅជាកម្ទេចថ្ម និងបានធ្វើឲ្យអ្នកស្រុកហ្កាហ្សាចំនួន ២,៣លាននាក់ស្ថិតនៅក្នុងគ្រោះមហន្តរាយមនុស្សធម៌ ដែលមនុស្សជាច្រើនត្រូវបានទុកចោលយ៉ាងគួរឲ្យអាណិត និងរងគំរាមកំហែងដោយទុរ្ភិក្សដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ៕