ជម្លោះដ៏ជូរចត់អំពីមធ្យោបាយដោះស្រាយទំនាក់ទំនងជាមួយចិន និងការជៀសវាងជម្លោះកំពុងគ្របដណ្តប់លើយុទ្ធនាការបោះឆ្នោតចុងក្រោយនៅកោះតៃវ៉ាន់ ខណៈដែលការស្ទង់មតិមួយចំនួនបង្ហាញពីការប្រកួតប្រជែងដ៏តឹងតែងរវាងគូប្រជែងសំខាន់ពីររូបដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់កោះនេះ។

ការបោះឆ្នោតមេដឹកនាំ និងសភានៅថ្ងៃទី១៣ ខែមករា ខាងមុខនេះកំពុងប្រព្រឹត្តទៅប្រឆាំងនឹងភាពតានតឹងនៃកំណើនសម្ពាធពីប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង ស្វះស្វែងពង្រឹងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

នៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ ប្រទេសចិនបានចោទប្រកាន់កោះតៃវ៉ាន់ពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងបានបញ្ចប់ការកាត់បន្ថយពន្ធមួយចំនួន ខណៈដែលយោធារបស់ប្រទេសចិនបានបន្តហោះហើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ទាំងប្រទេសចិន និងគណបក្សប្រឆាំងដ៏ធំបំផុតរបស់កោះតៃវ៉ាន់ គឺគណបក្សគូមីនតាំង (KMT) បានកំណត់ការបោះឆ្នោតជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។

មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) និងបេក្ខជនមេដឹកនាំបន្ទាប់លោក ឡៃ ឈីងតេ (Lai Ching-te) បានផ្តល់កិច្ចចរចាជាមួយប្រទេសចិនម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានបដិសេធ ដោយសារទីក្រុងប៉េកាំង ជឿថាពួកគេជាពួកផ្តាច់ខ្លួន។
គណបក្សគូមីនតាំង ដែលអនុគ្រោះដល់ទំនាក់ទំនងជិតស្និទ្ធជាមួយចិន ប៉ុន្តែបដិសេធយ៉ាងដាច់អហង្ការថាមិនគាំទ្រទីក្រុងប៉េកាំង នោះបាននិយាយថា ខ្លួននឹងបន្តជំរុញការការពាររបស់កោះតៃវ៉ាន់ ប៉ុន្តែចង់ចូលរួមជាមួយចិនឡើងវិញ ហើយប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់៕