ប្រភពពីសន្តិសុខលីបង់ និងដែនដីប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានសម្លាប់មេដឹកនាំរងរបស់ក្រុមហាម៉ាស លោក Saleh al-Arouri នៅក្នុងការវាយប្រហារដោយយានដ្រូននៅរដ្ឋធានីបេរូត(Beirut) ប្រទេសលីបង់ កាលពីថ្ងៃអង្គារ ខណៈរថក្រោះនិងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយលុកនៅតំបន់ហ្កាហ្សា នៅក្នុងសង្គ្រាមកាន់តែខ្លាំងបន្ថែមទៀតប្រឆាំងក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ហ៊ុមព័ទ្ធ។

លោក Arouri អាយុ៥៧ឆ្នាំ គឺជាមេដឹកនាំជាន់ខ្ពស់ម្នាក់ដំបូងគេផ្នែកនយោបាយ របស់ក្រុមហាម៉ាស ដែលត្រូវបានធ្វើឃាត ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកតាមអាកាស និងជើងគោកទៅលើក្រុមអ្នកគ្រប់គ្រងក្រុមហាម៉ាសនៅហ្កាហ្សា រយៈពេលពីជិត៣ខែកន្លងទៅនេះ បន្ទាប់ពីការវាយសម្រុកចូលដ៏គួឲ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ទៅក្នុងទីក្រុងជាច្រើនរបស់អ៊ីស្រាអែល។

ការស្លាប់របស់លោក អាចបង្កើនហានិភ័យសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងរាលដាលហួសពីតំបន់ហ្កាហ្សា។ ក្រុមហេសបូឡាប្រដាប់អាវុធធុនធ្ងន់នៅប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ ក្រុមហាម៉ាស បាននិងកំពុងបាញ់តគ្នា ជារៀងរាល់ថ្ងៃជាមួយអ៊ីស្រាអែល ឆ្លងកាត់ព្រំដែនភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សាប់ផ្តើម។
វិទ្យុ និងទូរទស្សន៍របស់ក្រុមហាម៉ាស និងទូរទស្សន៍ Mayadeen គាំទ្រអ៊ីរ៉ង់ របស់ប្រទេសលីបង់ បានបញ្ជាក់ពីប្រភពសន្តិសុខថា លោក Arouri សមាជិកនៃការិយាល័យនយោបាយរបស់ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន មានមូលដ្ឋាននៅបរទេស និងសហស្ថាបនិកស្លាបយោធារបស់ក្រុមហាម៉ាស លោក Izz-el-Deen នៅកងពល al-Qassam ត្រូវបានសម្លាប់នៅពេលដែលយានដ្រូន បានវាយប្រហារការិយាល័យរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងទីក្រុងបេរូត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ បានរាយការណ៍ថា ការវាយប្រហារដោយយានដ្រូន បានសម្លាប់មនុស្ស ៦ នាក់នៅជាយក្រុង Daliyeh ភាគខាងត្បូង ជាទីតាំងលាក់ខ្លួនរបស់ក្រុមហេសបូឡា។ ប្រភពសន្តិសុខចំនួនពីរ បាននិយាយថា យានដ្រូន បានកំណត់គោលដៅក្នុងការជួបជុំមួយ ហើយទូរទស្សន៍ Al Aqsa របស់ក្រុមហាម៉ាស បាននិយាយថា មេបញ្ជាការស្លាបប្រដាប់អាវុធរបស់ក្រុមនេះ នៅក្នុងប្រទេស លីបង់២នាក់ផ្សេងទៀត ស្ថិតក្នុងចំណោមអ្នកស្លាប់។