មេដឹកនាំគណបក្សប្រឆាំងប្រជាធិបតេយ្យកូរ៉េខាងត្បូង លោក លីចេ មីយ៉ុង (Lee Jae-myung) នៅតែស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅឡើយនៅថ្ងៃពុធទី៣ខែមករា នេះ មួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយកាំបិតលើមេដឹកនាំនយោបាយដ៏គួរឲ្យរន្ធត់ ដែលមានបំណងយកឈ្នះការបោះឆ្នោតក្នុងការបោះឆ្នោតដ៏សំខាន់ក្នុងពេល៣សប្ដាហ៍ទៀត។

ការវះកាត់លោក Lee បានចំណាយពេលជាង២ម៉ោង កាលពីល្ងាចថ្ងៃអង្គារដើម្បីជួសជុលសរសៃឈាម ក្នុងក របស់លោក ដែលត្រូវបានដាច់រហែក នៅពេលបុរសម្នាក់ចាក់ដោយកាំបិត។
មេដឹកនាំសភារបស់គណបក្សប្រជាធិបតេយ្យ លោក ហុង អ៊ីកផ្យូ (Hong Ik- pyo) បាននិយាយនៅកិច្ចប្រជុំក្រុមប្រឹក្សាមេដឹកនាំបក្សថា ទង្វើភេរវកម្មលើមេដឹកនាំ លោក លី ចេ មីយ៉ុង បង្ហាញយ៉ាងច្បាស់ពីការប្រឈមលើការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងជាការគំរាមដល់លទ្ធិប្រជាធិបតេយ្យ ។

លោក បានជំរុញឲ្យបង្កើនការស៊ើបអង្កេត និងរឹតបន្តឹងសន្តិសុខឲ្យកាន់តែខ្លាំងសម្រាប់ឥស្សរជននយោបាយជាន់ខ្ពស់ ដោយលើកពីសំណួរថ្មីៗជាច្រើនអំពីសុវត្ថិភាពលើយុទ្ធនាការនៅក្នុងប្រទេសនេះ ដែលមានអំពើហិង្សានយោបាយ បើទោះបីជាមានការរឹតបន្តឹងច្បាប់កាន់អាវុធយ៉ាងតឹងរ៉ឹងក៏ដោយ។

លោក ជីនជីយ៉ុង វ៉ា ( Jin Jeong-hwa) អ្នកគាំទ្រគណបក្សនេះ ដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុ បាននិយាយថា ឧបទ្ទវហេតុនេះ បង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការការពារសន្តិសុខឲ្យកាន់តែតឹងរ៉ឹងថែមទៀត សម្រាប់មេដឹកនាំនយោបាយទាំងឡាយ មិនមែនត្រឹមតែដាក់ពង្រាយកម្លាំងនគរបាលឲ្យឈរមើលធម្មតាៗនោះទេ៕