អ្នកបើកបររថយន្តនៅទូទាំងប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ បានធ្វើបាតុកម្មជុំវិញច្បាប់ដែលទើបនឹងអនុម័តថ្មី ដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ឬពិន័យជាប្រាក់យ៉ាងតិច ៧០០.០០០ រូពី ស្មើនឹង ៨.៤០០ ដុល្លារអាមេរិក ក្នុងករណីបើករថយន្តបុកហើយរត់ ចំពោះអ្នកទាំងឡាយណាដែលរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។

ក្រុមអ្នកតវ៉ាទាមទារឱ្យរដ្ឋាភិបាលលុបចោលច្បាប់នេះ ហើយបង្ហាញកំហឹងចំពោះការខ្វះការពិភាក្សាយោបល់ ពីភាគីពាក់ព័ន្ធសំខាន់ៗ ដែលប្រឈមមុខភាពធ្ងន់ធ្ងរនៃច្បាប់អនុម័តថ្មី ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមេសា។ រថយន្តធំៗជាច្រើនខ្សែ ត្រូវបានគេមើលឃើញច្រើនកកកុញនៅស្ថានីយ៍ប្រេងឥន្ធនៈ ដោយស្ថានីយប្រេងមួយចំនួន ត្រូវបានបិទ ខណៈការផ្គត់ផ្គង់ប្រេងត្រូវបានកាត់ផ្តាច់ដោយអ្នកបើកបររថយន្តដឹកប្រេងកំពុងធ្វើការតវ៉ា។

ចំណែកទីផ្សារលក់ដុំសម្រាប់បន្លែ និងផ្លែឈើ ក៏ត្រូវបានរងការរំខានផងដែរ ដោយសារការផ្គត់ផ្គង់ផលិតផលពីខាងក្រៅរដ្ឋត្រូវបានកំណត់ក្នុងពេលមានការតវ៉ា ហើយតម្លៃស្តុកដែលមានស្រាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។
ពលរដ្ឋនៅទូទាំងរដ្ឋជាច្រើន បានត្អូញត្អែរពីការរំខាន ក្នុងពេលមានការព្រួយបារម្ភរាលដាល ក្នុងការទិញប្រេងឥន្ធនៈ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឲ្យដឹងថា ផ្លូវមួយចំនួននៅប្រទេសឥណ្ឌា មានមនុស្សស្លាប់ច្រើន ដែលកាលពីឆ្នាំមនុស្សច្រើនជាង ១៦០.០០០នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ ។