ក្រុមកងកម្លាំងគាំទ្ររហ័សរបស់ប្រទេសស៊ូដង់ (RSF) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបើកចំហចំពោះបទឈប់បាញ់ភ្លាមៗដោយគ្មានលក្ខខណ្ឌ តាមរយៈការពិភាក្សាជាមួយកងទ័ពស៊ូដង់ ខណៈបានចុះហត្ថលេខាលើសេចក្តីប្រកាសជាមួយក្រុមសម្ព័ន្ធជនស៊ីវិល តាហ្កាឌុម(Taqaddum) និងបានអញ្ជើញកងទ័ពឱ្យធ្វើដូចគ្នានេះ។

សង្រ្គាមរយៈពេល៩ខែនៅក្នុងប្រទេសស៊ូដង់ ដែលបច្ចុប្បន្ននេះ ប្រឈមមុខទៅនឹងវិបត្តិជនភៀសខ្លួនច្រើនបំផុតរបស់ពិភពលោក បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស និងបានជំរុញឱ្យមានការព្រមានអំពីគ្រោះទុរ្ភិក្ស។ ការប៉ុនប៉ង ដើម្បីបញ្ចប់ជម្លោះតាមរយៈការចរចា ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីត រហូតមកដល់ពេលនេះពុំមានលទ្ធផលអ្វីទាល់តែសោះ ហើយកិច្ចព្រមព្រៀងកាលពីពេលមុន ដើម្បីការពារជនស៊ីវិល ពុំត្រូវបានយកចិត្តទុកដាក់នោះទេ។

តាមរយៈការចុះហត្ថលេខាលើសេចក្តីប្រកាសដែលគេហៅថា Addis Ababa មានបំណងបម្រើជាមូលដ្ឋានសម្រាប់ការចរចាបន្ថែម និងការដោះស្រាយនយោបាយ ដែលក្រុមកងកម្លាំងគាំទ្ររហ័ស(RSF) បានធ្វើការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់បំផុត ក្នុងការបញ្ចប់សង្រ្គាមរហូតមកដល់ពេលនេះ។
មេដឹកនាំកងកម្លាំងគាំទ្ររហ័ស(RSF) លោក Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ថា Hemedti បាននិយាយថា ប្រសិនបើកងទ័ពនាំមកជាមួយឯកសារដូចគ្នានេះ លោកនឹងចុះហត្ថលេខាលើឯកសារភ្លាមៗ ដែលត្រូវបានរួមបញ្ចូលផងដែរការប្តជ្ញាចិត្តចំពោះការវិលត្រឡប់របស់ជនស៊ីវិលរាប់លាននាក់មកកាន់លំនៅឋានវិញ ដោយបង្កើតច្រកឆ្លងកាត់សុវត្ថិភាព និងរួមបញ្ចូលទាំងជនស៊ីវិលក្នុងការចរចាសន្តិភាព។