ភ្នំពេញ ៖ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា ការអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ ត្រូវផ្សារភ្ជាប់ទៅនឹងខឿនវប្បធម៌ ប្រពៃណីបន្តមតក ពីបុព្វបុរស ដូនតាយើង ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវពណ៌សម្បុរ អត្តសញ្ញាណ និងព្រលឹងជាតិ។
ការថ្លែងរបស់ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើ សេចកី្តព្រាងប្រកាសស្តីពី ការគ្រប់គ្រង និងលើកស្ទួយសិល្បៈទស្សនីយភាព, រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៣–១៤ ខែតុលា ឆ្នាំ២០២០ រៀបចំដោយនាយកដ្ឋាននីតិកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានបន្តទៀតថា ជាទស្សនៈវិស័យទៅអនាគត ការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ ត្រូវផ្អែកលើខឿនវប្បធម៌បុរាណ និងប្រពៃណី ប៉ុន្តែត្រូវមានភាពជឿនលឿនស្របតាមពាក្យស្លោកថា បុរាណមិនយឺត ទំនើបមិនបរទេស។ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការដឹកនាំរបស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា តែងបានយកចិត្តទុកដាក់អនុវត្តភារកិច្ច ដោយការទទួលខុសត្រូវក្នុងការប្រមូលគៀងគរ និងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលកំពុងប្រតិបតិ្តការលើវិស័យសិល្បៈវប្បធម៌ ឲ្យចូលរួមក្នុងការអភិរក្ស និងលើកតម្កើងបេតិកភណ្ឌវប្បធម៌អរូបី របស់ជាតិស្របតាមគោលការណ៍ច្បាស់លាស់គឺ រដ្ឋគាំទ្រ ដៃគូឯកជនជាអ្នកអនុវត្ត មានន័យថា រដ្ឋជាអ្នកគ្រប់គ្រងផ្នែកច្បាប់ ផ្នែកជំនាញ ទទួលខុសត្រូវលើក្បួនខ្នាត រចនាបថ ការពង្រឹងអត្តសញ្ញាណជាតិ ឯដៃគូឯកជនជាអ្នកអនុវត្តដោយផ្ទាល់ ជាអ្នកស្វែងរកប្រភពទុនអភិវឌ្ឍ និងជួយបំពេញនៅកន្លែងខ្វះចន្លោះដែលរដ្ឋមិនទាន់បានអនុវត្តពេញលេញ។
បើតាមឯកឧត្តម ធៀង វណ្ណដារ៉ុង និងឯកឧត្តម ចំរើន វ៉ាន់ថា ដែលបានដឹកនាំតាក់តែងសេចកី្តព្រាងប្រកាសសី្តពីការគ្រប់គ្រង និងលើកស្ទួយសិល្បៈទស្សនីយភាពនេះ បានឲ្យដឹងដែរថា ការធ្វើសេចកី្តប្រកាសនេះឡើង គឺដើម្បីផ្តល់ផលប្រយោជន៍ជូនសិល្បករ សិល្បការិនីក្នុងការសម្តែង។
ជាមួយគ្នានោះដែរ លោក កាង បូរ៉ាមី ប្រធាននាយកដ្ឋាននីតិកម្ម ក៏បានស្នើសុំសិក្ខាកាមទាំងអស់ ជួយបំពេញនូវភាពគ្រប់ជ្រុងជ្រោយលើសេចកី្តព្រាងប្រកាសនេះ ក្នុងគោលបំណងធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ក្នុងន័យនេះ បទប្បញ្ញត្តិដែលចែងក្នុងសេចកី្តព្រាងប្រកាសនេះ បានឆ្លើយតបយ៉ាងពេញលេញទៅនឹងតម្រូវការជាសារវន្ត ដើម្បីកំណត់អំពីសមត្ថកិច្ចគ្រប់គ្រង ការបណ្តុះបណ្តាល ការបង្កើតស្នាដៃសិល្បៈទស្សនីយភាព និងកិច្ចការពារផលប្រយោជន៍របស់អ្នកសិល្បៈតាមរយៈកិច្ចសន្យា។ ជាការពិតណាស់ នៅពេលដែលលិខិតបទដ្ឋានគតិយុត្តិទាំងនេះចូលជាធរមាន ការទទួលបាននូវការសម្របសម្រួល ជ្រោមជ្រែង និងកិច្ចការពារដោយក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតលើលក្ខខណ្ឌការងារ សិទ្ធិទទួលបាននូវអត្ថប្រយោជន៍ថែទាំសុខភាពពីរាជរដ្ឋាភិបាល សិទិ្ធឈប់សម្រាកពីការងារក្នុងករណីចាំបាច់ដែលកំណត់ដោយច្បាប់រដ្ឋ និងអត្ថប្រយោជន៍ជាច្រើនទៀតដែលមានបញ្ញត្តិ ក្នុងប្រកាសនេះ៕
អត្ថបទ ៖ រដ្ឋា



