ក្រសួងការបរទេសអាមេរិក បានច្រានចោលការអត្ថាធិប្បាយថ្មីៗដែលធ្វើឡើងដោយរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូប ដោយហៅពួកគេថា «គ្មានការទទួលខុសត្រូវ» និង «បង្កឲ្យផ្ទុះកំហឹង» ចំពោះការតស៊ូមតិសម្រាប់ការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីន នៅខាងក្រៅតំបន់ហ្កាហ្សា។

អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« សហរដ្ឋអាមេរិក បានច្រានចោលសេចក្តីថ្លែងការណ៍ថ្មីៗរបស់រដ្ឋមន្ត្រីអ៊ីស្រាអែល លោក Bezalel Smotrich និង លោក Itamar Ben Gvir ដែលតស៊ូមតិសម្រាប់ការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីន នៅខាងក្រៅតំបន់ហ្កាហ្សា»។

លោកបានបន្ថែមថា៖«វោហាស័ព្ទនេះ បង្កឲ្យផ្ទុះកំហឹង និងមិនទទួលខុសត្រូវ។ យើងត្រូវបានប្រាប់ម្តងហើយម្តងទៀត និងជាប់លាប់ដោយរដ្ឋាភិបាលអ៊ីស្រាអែល រួមទាំងដោយនាយករដ្ឋមន្រ្តីថា សេចក្តីថ្លែងការណ៍បែបនេះ មិនឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលនោះទេ។ ពួកគេគួរតែបញ្ឈប់ជាបន្ទាន់»។

លោក Smotrich រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អ៊ីស្រាអែល និងលោក Gvir ដែលជារដ្ឋមន្ត្រីសន្តិសុខជាតិរបស់ប្រទេសនេះ បានរងការរិះគន់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីពួកគេម្នាក់ៗ បានលើកឡើងថា សង្គ្រាមនៅតំបន់ហ្កាហ្សា អាចបណ្តាលឲ្យមានការតាំងទីលំនៅថ្មីរបស់ប្រជាជនប៉ាឡេស្ទីន។
សារព័ត៌មាន The Times of Israel បានរាយការណ៍ថា លោក Smotrich បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ដំណោះស្រាយចំពោះសង្គ្រាមគឺ «ដើម្បីលើកទឹកចិត្តដល់ការធ្វើការផ្លាស់ទីដោយស្ម័គ្រចិត្តរបស់អ្នកស្រុកហ្កាហ្សា ទៅកាន់ប្រទេសដែលនឹងយល់ព្រមទទួលយកជនភៀសខ្លួន»។