ឧបទ្ទវេហតុយន្តហោះបុកគ្នានៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃអង្គារ បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនលុបចោលនិងកំណត់ពេលជើងហោះហើរឡើងវិញ។

ជើងហោះហើរជាង ១០០ ជាសំខាន់ ទៅនិងមក ពីអាកាសយានដ្ឋាន Haneda ត្រូវបានគេរំពឹងថា នឹងត្រូវបានលុបចោលនៅថ្ងៃពុធនេះ ដោយធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរប្រហែល ២០.០០០នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និងក្រុមហ៊ុន All Nippon Airways។

ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ៥០ជើង ទៅនិងមកពីពីអាកាសយានដ្ឋាន Haneda ។ ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ៥៤ជើង និងជើងហោះហើរអន្តរជាតិចំនួន១។ ប៉ុន្តែក្រុមហ៊ុននិយាយថា ក្រុមហ៊ុននឹងផ្តល់ជើងហោះហើរបន្ថែមចំនួន៩ជើង ដែលតភ្ជាប់ទីក្រុង Haneda ជាមួយទីក្រុង Sapporo, Saga, Nagasaki និងទីក្រុង Naha។ ការលុបចោលជើងហោះហើរផ្សេងទៀត ទៅនិងមកពីអាកាសយានដ្ឋាន Haneda រួមមានជើងហោះហើរចំនួន ៤ ដោយក្រុមហ៊ុនអាកាសចរណ៍ Skymark Airlines ជើងហោះហើរចំនួន៧ដោយក្រុមហ៊ុន Airdo និងជើងហោះហើរចំនួន១ ដោយក្រុមហ៊ុនអាកាសចរណ៍ Solaseed Air ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Peach Aviation និយាយថា ក្រុមហ៊ុនមានផែនការដំណើរការជើងហោះហើរអន្តរជាតិចំនួន៦ជើង តភ្ជាប់ទីក្រុង Haneda និងកោះតៃវ៉ាន់ តាមការគ្រោងទុក។
ក្រុមហ៊ុនដឹកជញ្ជូនអាកាសចរណ៍ និយាយថា កាលបរិច្ឆេទរបស់ពួកគេនៅតែអាចផ្លាស់ប្តូរ និងណែនាំអ្នកដំណើរឱ្យបន្តធ្វើបច្ចុប្បន្នភាពជាមួយព័ត៌មានជើងហោះហើរចុងក្រោយបំផុត។
ក្រុមហ៊ុនរថភ្លើង Central Japan Railway Company បានប្រកាសថា ក្រុមហ៊ុន នឹងផ្តល់សេវារថភ្លើងល្បឿនលឿន ឬរថភ្លើងក្បាលគ្រាប់កាំភ្លើង បន្ថែមនៅថ្ងៃពុធនេះ ដើម្បីឆ្លើយតបទៅនឹងការលុបចោលជើងហោះហើរក្នុងស្រុក។ ក្រុមហ៊ុនបានកំណត់ពេលសេវារថភ្លើងល្បឿនលឿនបន្ថែមទៀតចំនួនបួនគ្រឿង ពីទីក្រុងតូក្យូ ទៅស្ថានីយ Shin-Osaka។