ភ្នំពេញ ៖ បើយោងតាមផេកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានណែនាំអំពីរបៀបថែទាំព្យាបាលជំងឺកូវីដ-១៩ ស្រាលនៅផ្ទះ និងថែទាំសុខភាពផ្លូវចិត្ត។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបង្ហាញសារអប់រំណែនាំជាវីដេអូ ដើម្បីណែនាំ អោយមានការមើលថែទាំអ្នកជំងឺកូវីដ-១៩ ស្រាលនៅតាមផ្ទះ ដោយបានបញ្ជាក់ថា ប្រសិនបើមានអាការៈសង្ស័យក្អក ក្តៅខ្លួន ឈឺក គួរទំនាក់ទំនងទៅកាន់លេខ១១៥ ដើម្បីពិគ្រោះនិងផ្តល់យោបល់។
បុគ្គលមានរោគសញ្ញាកូវីដ-១៩ មួយចំនួន ត្រូវបានគ្រូពេទ្យវាយតម្លៃថា អាចព្យាបាលនៅផ្ទះបាន ដោយណែនាំអោយព្យាបាលនៅផ្ទះ ប៉ុន្តែក៏អាចទំនាក់ទំនងទៅកាន់គ្រូពេទ្យប្រសិនបើអាការៈមានការប្រែប្រួលធ្ងន់ធ្ងរ។
ចំពោះអាការៈធ្ងន់ធ្ងរបំផុតគឺពិបាកដកដង្ហើមត្រូវចាំបាច់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ អ្នកជំងឺព្យាបាលនៅផ្ទះត្រូវពាក់ម៉ាសគ្រប់ពេលវេលា អ្នកមើលថែទាំត្រូវពាក់ម៉ាស និងរក្សាគម្លាតឲ្យបាន២ម៉ែត្រ។ ដាក់អ្នកជំងឺនៅបន្ទប់ដាច់ដោយឡែក និងមិនអនុញ្ញាតអោយមានភ្ញៀវចូលផ្ទះឡើយ ទោះបីមិត្ត ភក្តិ ឬ គ្រួសារសាច់ញាតិក៏ដោយ។ អ្នកជំងឺត្រូវសម្រាកអោយបានគ្រប់គ្រាន់ បរិភោគទឹកឲ្យបានច្រើន និងបរិភោគអាហារមានជីវជាតិ តាមដានរោគសញ្ញាសមាជិកគ្រួសារអោយទៀងទាត់ ។ត្រូវលាងដៃអោយបានញឹកញាប់និងអាកុល ហើយត្រូវបើកចំហរបង្អួច និងទ្វារ ដើម្បីខ្យល់ចេញចូលគ្រប់គ្រាន់ ។
សមាជិកក្នុងគ្រួសារគួរតែប្រើតែរបស់របរផ្ទាល់ខ្លួន ដោយមិនប្រើឡូកឡំគ្នានោះទេ ។ អ្នកជំងឺត្រូវព្យាយាមរក្សាភាពវិជ្ជមានផ្លូវចិត្ត និងប្រយ័ត្នចំពោះអ្វីដែលបានអាននិងឃើញតាមប្រព័ន្ធ Internet ត្រូវមើលព័ត៌មានពិត និងព្យាយាមធ្វើលំហាត់ប្រាណ និងជៀសវាងទម្លាប់ណាមិនល្អដែលប៉ះពាល់ដល់សុខភាព។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្តីពី ការដាក់ឲ្យប្រើនីតិវិធីប្រតិបតិ្តស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះដោយអនុវត្តជាជំហានដំបូងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ដោយឡែកការដាក់ឲ្យដំណើរការ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះសម្រាប់ភូមិសាស្ត្រខេត្តផ្សេងទៀត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសុខាភិបាល នៅពេលក្រោយ ផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រនីមួយៗ។
ក្រៅពីនេះ សម្រាប់អ្នកជំងឺស្រាលដែលព្យាបាលនៅតាមផ្ទះ ត្រូវយកសំណាកវិភាគ PCR ឡើងវិញនៅថ្ងៃទី១៣ បន្ទាប់ពីថ្ងៃវិជ្ជមានដំបូង បើលទ្ធផលអវិជ្ជមាន ត្រូវបញ្ចប់ការព្យាបាល ដោយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ។
ក្នុងករណីមិនបានយកសំណាកពិនិត្យឡើងវិញនៅថ្ងៃទី១៣ ឬលទ្ធផលថ្ងៃទី១៣ វិជ្ជមានត្រូវបន្តព្យាបាលរហូតដល់ថ្ងៃទី២១ បូករួមនឹងអ្នកជំងឺអត់មានរោគសញ្ញារយៈពេល៣ថ្ងៃចុងក្រោយ ត្រូវបញ្ចប់ការព្យាបាល៕
អត្ថបទ ៖ រដ្ឋា