
មានតែប្រជាជនអ៊ីស្រាអែល ១៥ភាគរយប៉ុណ្ណោះចង់ឱ្យលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បន្តកាន់តំណែងបន្ទាប់ពីសង្គ្រាមលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាបានបញ្ចប់ ទោះបីជាមនុស្សជាច្រើននៅតែគាំទ្រយុទ្ធសាស្រ្តរបស់លោកក្នុងការកំទេចពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះក៏ដោយ នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (០២ មករា)។
នៅក្នុងការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានប្រជាធិបតេយ្យអ៊ីស្រាអែល (IDI) បានបង្ហាញថា មនុស្ស ៥៦ភាគរយនៃអ្នកដែលត្រូវបានសួរសំណួរបាននិយាយថាការបន្តការវាយលុករបស់យោធាគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការសង្គ្រោះចំណាប់ថ្នូរ ខណៈដែលមនុស្ស ២៤ភាគរយគិតថាកិច្ចព្រមព្រៀងផ្លាស់ប្តូររួមទាំងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់បន្ថែមទៀតពីពន្ធនាគាររបស់អ៊ីស្រាអែល នឹងជាមធ្យោបាយល្អបំផុត។
ការស្ទង់មតិបានបង្ហាញថា ប៉ុន្តែមានតែមនុស្ស ១៥ភាគរយប៉ុណ្ណោះដែលចង់ឱ្យលោក ណេតាន់យ៉ាហ៊ូ បន្តធ្វើជានាយករដ្ឋមន្ត្រីនៅពេលដែលសង្រ្គាមបានបញ្ចប់។ គូប្រជែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រីរូបនេះ និងជាដៃគូគណៈរដ្ឋមន្ត្រីសង្គ្រាមបច្ចុប្បន្នគឺអ្នកនយោបាយកណ្តាលនិយម លោក បេននី ហ្កាន់ស៍ (Benny Gantz) ទទួលបានការគាំទ្ររហូតដល់ទៅ ២៣ភាគរយនៃអ្នកស្ទង់មតិ។
ការស្ទង់មតិជាបន្តបន្ទាប់បានរកឃើញថាប្រជាប្រិយភាពរបស់លោក ណាតាន់យ៉ាហ៊ូ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលនៅខែតុលា ដោយក្រុមហាម៉ាស ដែលនាំឱ្យមានថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេល ៧៥ឆ្នាំរបស់អ៊ីស្រាអែល៕