
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីយប់ថ្ងៃអង្គារ (០២ មករា) ថាក្រុមសកម្មប្រយុទ្ធហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលប្រឆាំងនាវាចំនួនពីរគ្រាប់ ចូលទៅក្នុងសមុទ្រក្រហមភាគខាងត្បូង ប៉ុន្តែមិនមានការរាយការណ៍ពីការខូចខាតណាមួយឡើយ។
ចាប់តាំងពីខែតុលាមក ក្រុមឧទ្ទាមហ៊ូទី ដែលគ្រប់គ្រងទឹកដីភាគច្រើននៃប្រទេសយេម៉ែន រួមទាំងរដ្ឋធានី បានវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហមដែលពួកគេនិយាយថាមានទំនាក់ទំនងរបស់អ៊ីស្រាអែល ឬកំពុងធ្វើដំណើរទៅកាន់អ៊ីស្រាអែល ដោយសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។
ទីបញ្ជាការកណ្ដាលអាមេរិក CENTCOM បានបន្ថែមថា នាវាពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់នេះបានរាយការណ៍ពីផលប៉ះពាល់នៃមីស៊ីលនៅក្នុងដែនទឹកជុំវិញនោះ។ អាជ្ញាធរប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស នៅមុននោះបានរាយការណ៍ថាមានការផ្ទុះក្នុងសមុទ្ររហូតដល់ទៅបីដងនៅចំងាយ ១ម៉ាយល៍ណត់ ទៅ ៥ម៉ាយល៍ណត់ ពីនាវាពាណិជ្ជករនៅច្រកសមុទ្រ បាប អាល់ម៉ានដាប (Bab al-Mandab)។
ខ្សែដឹកជញ្ជូនជាច្រើនបានផ្អាកប្រតិបត្តិការឆ្លងកាត់ផ្លូវទឹកសមុទ្រក្រហមនេះដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហ៊ូទី ជំនួសមកវិញនូវការធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយជុំវិញទ្វីបអាហ្រ្វិក៕