
នៅថ្ងៃពុធនេះ ក្រុមភ្ញៀវនៅកន្លែងមើលរបស់អាកាសយានដ្ឋាន Haneda ស្ថិតក្នុងទីក្រុងតូក្យូ បាននាំគ្នាថតរូបបំណែកឆាបឆេះរបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលបានផ្ទុះជាអណ្តាតភ្លើងឡើងក្រោយចុះចត និងបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរកាលពីយប់មិញ ហើយពួកគេមួយចំនួនក៏បានបង្ហាញការភ្ញាក់ផ្អើលចំពោះឧបទ្ទេវហេតុឆាបឆេះយន្តហោះនេះផងដែរ ។
បំណែករបស់យន្តហោះទាំង ២គ្រឿង ស្ថិតនៅលើផ្លូវរត់ ខណៈក្រុមស៊ើបអង្កេត ពិនិត្យកន្លែងកើតហេតុនៃឧបទ្ទេវហេតុឆាបឆេះយន្តហោះកាលពីថ្ងៃអង្គារ ដែលបានសម្លាប់អាកាសយានិក ៥នាក់នៅក្នុងចំណោមអាកាសយានិក ៦នាក់នៅលើយន្តហោះល្បាតឆ្នេរដែលមានទំហំតូចជាង ។
នៅក្នុងស្ថានីយ៍រថភ្លើង Shinagawa ស្ថិតក្នុងទីក្រុងតូក្យូ ជាទីដែលរថភ្លើងមកពីអាកាសយានដ្ឋានធ្វើដំណើរមកដល់នោះ លោក Shinji Yamagami គឺជាពលរដ្ឋវ័យ ៣៧ឆ្នាំមួយរូបរស់នៅក្នុងទីក្រុងតូក្យូ និយាយថា លោកពិតជាភ្ញាក់ផ្អើល និងតក់ស្លុតខ្លាំងណាស់ដោយសារតែឧបទ្ទេវហេតុយន្តហោះមួយនេះ ប៉ុន្តែលោកធូរចិត្តនៅពេលដែលមនុស្សទាំងអស់ ៣៧៩នាក់ រួមទាំងអ្នកដំណើរ ៣៦៧នាក់ និងអាកាសយានិក ១២នាក់នៅលើយន្តហោះ Airbus A350របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន អាចគេចខ្លួនបាន ។
លោក Yamagami បន្តថា ពេលលោកឃើញវីដេអូដំបូងនៃការឆាបឆេះយន្តហោះ លោកពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ពីព្រោះថាវាឆាបឆេះខ្លាំងជាងការគិតរបស់លោកទៅទៀត ប៉ុន្តែលោកគិតថា វាពិតជាអស្ចារ្យមែន នៅពេលដែលអាយុជីវិតអ្នកដំណើរទាំងអស់ ត្រូវបានជួយសង្រ្គោះ ។
ក្រុមល្បាតឆ្នេរនិយាយថា យន្តហោះរបស់ខ្លួនធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Niigata ស្ថិតនៅតំបន់ឆ្នេរភាគខាងលិចប្រទេសជប៉ុន ដើម្បីចែកចាយជំនួយដល់មនុស្សជាប់ខ្លួននៅក្នុងការរញ្ជួយដីដ៏ខ្លាំងក្លានៅថ្ងៃចូលឆ្នាំសកល ដែលបានសម្លាប់មនុស្សយ៉ាងហោច ៦២នាក់ ៕