
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ជឿជាក់ថា ការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយបង្អស់របស់រុស្ស៊ី ទៅលើអ៊ុយក្រែន បង្ហាញថា ទីក្រុងមូស្គូ មិនចាប់អារម្មណ៍ក្នុងការកិច្ចចរចាសន្តិភាពណាមួយ ឡើយ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា៖«សម្រាប់នរណាម្នាក់ដែលជឿពាក្យចចាមអារ៉ាម ដែលថា រុស្ស៊ីចាប់អារម្មណ៍យ៉ាងពិតប្រាកដ នៅក្នុងកិច្ចចរចាសន្តិភាព ចំនួនកំណត់ត្រានៃការបាញ់បង្ហោះ យានដ្រូន ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅអ៊ុយក្រែន បង្ហាញពីចេតនាពិតរបស់ទីក្រុងមូស្គូ។
មន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់រុស្សី រឹតតែឃោរឃៅជាងនេះទៅទៀត ខណៈដែលពួកគេ បានបង្កើនកាន់តែខ្លាំងឡើង ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំសកល។
លោក Michel បាននិយាយដោយសង្ខេបថា៖«ស្មារតីរបស់អ៊ុយក្រែន មិនអាចបំបែកបានទេ។ សហភាពអឺរ៉ុប គាំទ្រប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានឆ្លើយតបទៅនឹងការប្រកាសរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដោយអរគុណដល់លោក Michel សម្រាប់បញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលយើងទាំងអស់គ្នា គិតនិងជឿជាក់។
លោកហ្សេឡិនស្គី បាននិយាយថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់អ្នកសម្រាប់អ៊ុយក្រែន។ ការរួបរួមរបស់អឺរ៉ុប គឺខ្លាំងជាងភេរវកម្មរបស់រុស្ស៊ី។ យើងបានបង្ហាញជាច្រើនដងរួចមកហើយថា ខ្ញុំប្រាកដថា យើងនឹងនៅតែរឹងមាំ និងរួបរួមគ្នា»។