
អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម និងមនុស្ស ៣៧ នាក់ផ្សេងទៀត បានឡើងតុលាការនៅទីក្រុងហាណូយនៅថ្ងៃពុធនេះ ចំពោះតួនាទីដែលត្រូវបានចោទប្រកាន់ក្នុងការផលិត និងចែកចាយឧបករណ៍ធ្វើតេស្ត COVID-19 មានតម្លៃថ្លៃហួស។ រឿងអាស្រូវរបស់ក្រុមហ៊ុន Viet A ដែលត្រូវបានដាក់ជាក្រុមហ៊ុនពាក់កណ្តាលឯកជនផលិតឧបករណ៍នេះ តាមការចោទប្រកាន់ឃើញមានក្រុមមន្ត្រីជាន់ខ្ពស់ សម្របសម្រួលកិច្ចព្រមព្រៀងមានតម្លៃរាប់លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យនានា និងសហគមន៍មូលដ្ឋាន ជាមួយនឹងឧបករណ៍ធ្វើតេស្តក្នុងតម្លៃបំប៉ោងដ៏ច្រើនលើសលប់។
រូបភាព នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីជនជាប់ចោទ មានពាក់ម៉ាស់ទាំងអស់គ្នា ត្រូវបានអមដោយនគរបាលពាក់ឯកសណ្ឋានទៅកាន់អគារតុលាការក្នុងទីក្រុងហាណូយ។ ក្នុងចំណោមជនជាប់ចោទ មានអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ង្វៀន ថាញ់ឡុង (Nguyen Thanh Long) ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួន ២,២៥លានដុល្លារអាមេរិក និងអតីតអភិបាលក្រុងហាណូយ លោក ជូ ង៉ុកអាញ់ (Chu Ngoc Anh) ដែលត្រូវបានចោទប្រកាន់ពីបទរំលោភលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងសម្បត្តិរដ្ឋ។
យ៉ាងហោចណាស់មន្ត្រី និងពាណិជ្ជករ ១០០នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ជាប់ទាក់ទងទៅនឹងរឿងអាស្រូវនេះ។ ការកេងបន្លំត្រូវបានគេប៉ាន់ប្រមាណថា ទទួលបានប្រាក់ចំនួន ១៧២ លានដុល្លារសម្រាប់ក្រុមហ៊ុន Viet A ដែល ៣៤ លានដុល្លារអាមេរិក ដែលតាមការចោទប្រកាន់ថា បានបែងចែកត្រឡប់ទៅឲ្យការសូកប៉ាន់មន្ត្រី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុន Viet A បាននិយាយថា ក្រុមហ៊ុន ផលិតឧបករណ៍ធ្វើតេស្តបានចំនួន ៨,៧លាន ក្នុងអំឡុងពេលជំងឺរាតត្បាត ដោយភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទូទាំងប្រទេស។