
ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា បាឡុងរបស់ចិនចំនួន៣ បានហោះកាត់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ (ទី២ ខែមករា) និងនៅជិតមូលដ្ឋានទ័ពអាកាសមួយ ដោយនេះជាលើកទី១ហើយ ដែលមានការរាយការណ៍ថា បាឡុងទាំងនោះបានហោះឆ្លងកាត់កោះនេះ ចាប់តាំងពីមានការរាយការណ៍អំពីសកម្មភាពនៃបាឡុងបែបនេះ នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលបានចាប់ផ្តើម កាលពីខែមុន។
សក្តានុពលសម្រាប់ប្រទេសចិន ក្នុងការប្រើប្រាស់បាឡុងសម្រាប់ចារកម្ម បានក្លាយជាបញ្ហាសកល នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នៅពេលដែលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់អ្វី ដែលខ្លួនបាននិយាយថា ជាបាឡុងឈ្លបយកការណ៍របស់ចិន។ ប្រទេសចិនបាននិយាយថា បាឡុងនោះជាយានហោះស៊ីវិល ដែលបានហោះរសាត់ទៅដោយចៃដន្យ។
កោះតៃវ៉ាន់ ដែលត្រូវបានប្រទេសចិនទាមទារកោះនេះថា ជាចំណែកនៃទឹកដីរបស់ខ្លួននោះ កំពុងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពរបស់ចិន ទាំងផ្នែកយោធា និងនយោបាយ នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករា។ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ ចាប់តាំងពីខែមុន បានរាយការណ៍ពីករណីជាច្រើននៃបាឡុងរបស់ចិនថា បានហោះពីលើច្រកសមុទ្រតៃវ៉ាន់ដ៏រសើប បន្ទាប់មកឆ្លងកាត់ដែនអាកាសឆ្ពោះទៅកាន់ភាគខាងជើងនៃកោះនេះ មុនពេលរសាត់បាត់មើលលែងឃើញ។
នៅថ្ងៃពុធ (ទី៣ ខែមករា) ដោយផ្តល់ព័ត៌មានថ្មីៗប្រចាំថ្ងៃរបស់ខ្លួន សម្រាប់សកម្មភាពយោធាចិន ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ក្រសួងបានប្រាប់ថា ខ្លួនបានរកឃើញបាឡុងចំនួន៤ ដែលកំពុងហោះហើរលើច្រកសមុទ្រ ដែលក្នុងនោះ បាឡុង៣ បានហោះកាត់កណ្តាលកោះ។ នៅពេលត្រូវបានសួរថា តើបាឡុងចុងក្រោយនេះធ្វើឡើងក្នុងគោលបំណងអាកាសធាតុ ឬគោលបំណងផ្សេងនោះ ក្រសួងបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីជាពិសេសនោះឡើយ។ ក្រសួងបាននិយាយថា ខ្លួន «តាមដានយ៉ាងដិតដល់ និងឆ្លើយតបយ៉ាងត្រឹមត្រូវ» ចំពោះបាឡុងទាំងនោះ ហើយនិងប្រមូលព័ត៌មានអំពីផ្លូវហោះរបស់បាឡុងនោះ ដើម្បីធ្វើ «ការវិនិច្ឆ័យ និងការវិភាគ»។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់ ហើយយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន ឥឡូវនេះបានធ្វើប្រតិបត្តិការជាប្រចាំ នៅក្នុងច្រកសមុទ្រ៕