រតនគិរី ៖ អាជ្ញាធរខេត្តរតនគិរីក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្ន ខណៈកំពុងផ្ទុះការឆ្លងកូវីដ-១៩ ដោយអំពាវដល់ពលរដ្ឋថា បើពុំមានការចាំបាច់ កុំធ្វើដំណើរចេញ-ចូលខេត្ត ខណៈជំងឺកូវីដ-១៩ កំពុងផ្ទុះរលកចម្លងទ្រង់ទ្រាយធំក្នុងភូមិសាស្ត្រខេត្តនេះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងខេត្តរតនគិរី កើតមានរលកចម្លងជំងឺកូវីដ-១៩ គួរឱ្យ ព្រួយបារម្ភ ដែលនាំឱ្យឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យធ្វើ ការរឹតបន្តឹងទប់ស្កាត់ការចម្លងបន្ត និងធ្វើការស្រាវជ្រាវអ្នកពាក់ព័ន្ធ ដើម្បីកាត់ផ្ដាច់ឫសគល់ចម្លង។
ឯកឧត្តម ថង សាវុន បានឲ្យដឹងថា ស្ថានភាពនេះ អាចវាយតម្លៃបានថា អត្រាចម្លង បន្តស្ថិតនៅ ក្នុងកម្រិតហានិភ័យខ្ពស់ ដោយសារទំនាក់ទំនងរបស់ប្រជាពលរដ្ឋ ដែលវិជ្ជមានកន្លងមក មានភាពប្រទាក់ក្រឡាគ្នាច្រើន។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ កំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ មកធ្វើតេស្តសំណាក និងបិទតំបន់ទីតាំងប្រឈមមួយចំនួន ដើម្បីអាចគ្រប់គ្រងបាននូវសភាពការណ៍នេះ។
ជាវិធានការបន្ត រដ្ឋបាលខេត្តរតនគិរី ក៏បានសម្រេចដាក់បម្រាមគោចរជាបណ្ដោះអាសន្ន ចាប់ពី ម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ដោយផ្អាកជាបណ្ដោះអាសន្នការប្រមូលផ្ដុំ ការជួបជុំ និងផ្អាកជាបណ្ដោះ អាសន្ននូវសកម្មភាពមុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រយៈ ពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែមិថុនា នេះ រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ។
អភិបាលខេត្តរតនគិរី ក៏បានអំពាវនាវឲ្យពលរដ្ឋបន្តការដាក់ខ្លួនដាច់ដោយឡែកពីក្រុមគ្រួសារ តាម ដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ជាពិសេស គឺការអនុវត្តវិធានការ ៣កុំ ៣ការពារ។ ចំពោះមធ្យោបាយដឹក ជញ្ជូនទំនិញគ្រប់ប្រភេទ នៅតែបន្តសកម្មភាពជាប្រក្រតី ព្រមទាំងអនុវត្តតាមវិធានសុខាភិបាលជាប់ជានិច្ច។
គិតត្រឹមវេលាព្រឹកថ្ងៃទី២២ ខែមិថុនានេះ រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញករណីវិជ្ជមាន កូវីដ-១៩ ចំនួន១៦២ នាក់ ក្នុងនោះព្យាបាលជាសះស្បើយ៨នាក់ និងកំពុងសម្រាកព្យាបាល ចំនួន១៥៤ នាក់ ដែលជាការឆ្លងបន្តក្នុងសហគមន៍ដោយសារការផ្ទុះរាលដាលខ្លាំងកាលពីថ្ងៃទី១៨ ខែមិថុនានេះ៕
អត្ថបទ៖ ជៀប សម្បត្តិ