
ដោយអាងដល់ការស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក មន្ត្រីអាមេរិក កាលពីថ្ងៃអង្គារ (ទី២ ខែមករា) បាននិយាយថា ភ្នាក់ងារចារកម្មអាមេរិកវាយតម្លៃថា ក្រុមអ៊ីស្លាមហាម៉ាស និងក្រុមប៉ាឡេស្ទីនផ្សេងទៀត ដែលកំពុងប្រយុទ្ធនឹងអ៊ីស្រាអែល បានប្រើប្រាស់មន្ទីរពេទ្យ Al Shifa នៃតំបន់ហ្កាហ្សា ដើម្បីបញ្ជាកងកម្លាំង និងឃុំចំណាប់ថ្នូរមួយចំនួន ប៉ុន្តែភាគច្រើនត្រូវបានជម្លៀសចេញជាច្រើនថ្ងៃ មុនពេលដែលទាហានអ៊ីស្រាអែល ចូលទៅដល់ទីនោះ។
មន្ត្រីអាមេរិកបាននិយាយថា អគារនេះត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ដើម្បីបញ្ជាកងកម្លាំងប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក មិនបានបង្ហាញពីភស្តុតាង ដែលផ្អែកលើការវាយតម្លៃរបស់ពួកគេនោះទេ។ តែយ់ាងណាក្ដី មន្ត្រីរូបនេះបាននិយាយថា សហរដ្ឋអាមេរិក បានបញ្ជាក់ដោយឯករាជ្យនូវព័ត៌មាននេះឡើយ។
អ៊ីស្រាអែលក៏បាននិយាយដែរថា មន្ទីរពេទ្យ Al Shifa ដែលខ្លួនបានកាន់កាប់នៅដើមដំបូងក្នុងសង្រ្គាមនៅតំបន់ហ្កហ្សានេះ ត្រូវបានក្រុមហាម៉ាសប្រើប្រាស់។ ទាហានអ៊ីស្រាអែល បានចូលទៅដល់មន្ទីរពេទ្យនេះ ក្នុងខែវិច្ឆិកា។ ការកំណត់គោលដៅលើមន្ទីរពេទ្យនេះ បានធ្វើឲ្យមានការភ័យរន្ធត់ជាសកលអំពីជោគវាសនារបស់ជនស៊ីវិល និងអ្នកជំងឺ ដែលនៅខាងក្នុងនោះ។
មន្ត្រីអាមេរិកបានប្រាប់ថា រដ្ឋាភិបាលអាមេរិកជឿថា ក្រុមហាម៉ាសបានប្រើប្រាស់អគារមន្ទីរពេទ្យ និងទីតាំងនៅខាងក្រោមមន្ទីរពេទ្យ ដើម្បីអនុវត្តសកម្មភាពបញ្ជា និងគ្រប់គ្រង រក្សាទុកអាវុធមួយចំនួន និងឃុំចំណាប់ថ្នូរមួយចំនួនតូច។
ហើយបើយោងតាមមន្ត្រីអាមេរិក បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ទទួលបានព័ត៌មានថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានជម្លៀសដោយភាគច្រើននៅថ្ងៃចលាចលប៉ុន្មានថ្ងៃ មុនពេលមានប្រតិបត្តិការរបស់អ៊ីស្រាអែល ហើយបានបំផ្លាញឯកសារ និងគ្រឿងអេឡិចត្រូនិច នៅពេលពួកគេចាកចេញពីទីនោះ៕