
កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ការមានសេណារីយោណាមួយ បន្ទាប់ពីការវាយប្រហារ នៅទីក្រុងបេរូតរបស់ប្រទេសលីបង់ បានសម្លាប់មេដឹកនាំរងរបស់ក្រុមហាម៉ាស ដែលនាំឲ្យមានការភ័យខ្លាចថា ភ្លើងសង្គ្រាមនៅតំបន់ហ្កាហ្សាស្ទ្រីប អាចឆេះរាលដាលទៅតំបន់កាន់តែធំទូលំទូលាយ។
មន្ត្រីសន្តិសុខជាន់ខ្ពស់ ក្នុងប្រទេសលីបង់ បានប្រាប់សារព័ត៌មាន AFP ថា លោក Saleh al-Aruri ត្រូវបានសម្លាប់រួមជាមួយអង្គរក្សរបស់លោក នៅក្នុងការវាយប្រហារ ដោយអ៊ីស្រាអែល ដែលបានប្តេជ្ញាថា នឹងតាមកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យស្លុតចិត្តរបស់ក្រុមនេះ កាលពីថ្ងៃទី៧ ខែតុលា។
មន្ត្រីសន្តិសុខទី២ បានអះអាងពីព័ត៌មាននេះ ខណៈដែលទូរទស្សន៍របស់ក្រុមហាម៉ាស ក៏បានរាយការណ៍ថា អ៊ីស្រាអែលបានសម្លាប់លោក Aruri នៅលីបង់។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hagari មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់អំពីការសម្លាប់នេះទេ តែបាននិយាយបន្ទាប់ពីនោះថា៖ «យោធាស្ថិតក្នុងស្ថានភាពត្រៀមខ្លួនខ្ពស់ សម្រាប់គ្រប់សមរភូមិទាំងអស់ ទាំងផ្នែកការពារ និងការវាយលុក។ យើងត្រៀមខ្លួនខ្ពស់ សម្រាប់ការមានសេណារីយោណាមួយ»។
កន្លងមក អ៊ីស្រាអែលបានប្រកាសពីការស្លាប់នៅតំបន់ហ្កាហ្សារបស់មេបញ្ជាការ និងមន្ត្រីជាច្រើនរូបរបស់ក្រុមហាម៉ាស ក្នុងអំឡុងសង្គ្រាមនេះ ប៉ុន្តែលោក Aruri គឺជាឥស្សរជនខ្ពស់បំផុត ដែលត្រូវបានសម្លាប់ ហើយការស្លាប់របស់លោក បានកើតឡើងនៅក្នុងការវាយប្រហារលើកដំបូងលើរដ្ឋធានីរបស់ប្រទេសលីបង់ គិតចាប់តាំងពីអរិភាពនេះ បានចាប់ផ្តើម។
ការវាយប្រហារនេះ ធ្វើឲ្យការភ័យខ្លាចដែលមានខ្ពស់រួចហើយនោះ កាន់តែកើនឡើង ដែលថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ដែលមានរយៈពេលជិត ៣ខែហើយនោះ អាចក្លាយជាការរំជើបរំជួលកាន់តែខ្លាំងឡើងៗ ក្នុងតំបន់កាន់តែធំទូលំទូលាយទៅៗ៕