
បន្ទាប់ពីចំណាយពេលជាង ១ឆ្នាំ នៅក្នុងពន្ធនាគារ ក្រោយត្រូវបានឃុំខ្លួនដោយអាជ្ញាធរអ៊ីរ៉ង់ពីបទចោទចារកម្ម អ្នកគាំទ្រកីឡាបាល់ទាត់ជនជាតិអេស្ប៉ាញម្នាក់ ដែលបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ កាលពីថ្ងៃអង្គារ (ទី២ ខែមករា) បានប្រាប់អ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះថា រូបគេ បាននិងកំពុងរៀបចំផែនការវិលទៅកាន់សាធារណរដ្ឋអ៊ីស្លាមមួយនេះរួចហើយ។
លោក Santiago Sanchez ដែលគ្រោងនឹងទៅមើលការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតា (Qatar World Cup) ដោយចេញពីប្រទេសអេស្ប៉ាញ បានចូលប្រទេសអ៊ីរ៉ង់តាមផ្លូវធ្វើដំណើររបស់ខ្លួន ហើយត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីបានទៅលេង និងថតរូបកន្លែងបញ្ចុះសពរបស់នាង Mahsa Amini នារីជនជាតិឃឺដអាយុ ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួនដោយបទចោទប្រកាន់មិនគោរពច្បាប់សម្លៀកបំពាក់ ហើយបានស្លាប់នៅក្នុងមន្ទីរឃុំឃាំង។
ស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងម៉ាឌ្រីដ បានប្រកាសពីការដោះលែងលោក Sanchez នៅថ្ងៃចូលឆ្នាំសកល ហើយលោកបានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Barajas របស់ទីក្រុងម៉ាឌ្រីដ នៅម៉ោងប្រហែល ១រសៀល (ត្រូវនឹងម៉ោង ១២ ម៉ោងសកល) នាថ្ងៃអង្គារ។
នៅឯអាកាសយានដ្ឋាន បន្ទាប់ពីការជួបជុំគ្នាដ៏រំជួលចិត្តជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ខ្លួន លោក Sanchez ដែលពោរពេញដោយក្ដីរីករាយ បានប្រាប់អ្នកសារព័ត៌មាន៖ «វាមានរយៈពេលយូរណាស់ និង លំបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំនៅទីនេះ ក្នុងប្រទេសរបស់ខ្ញុំ។ យើងមិនដឹងថា យើងមានសំណាងប៉ុណ្ណានោះទេ ដែលបានកើតនៅក្នុងប្រទេសនេះ (ប្រទេសអេស្ប៉ាញ)»។
ប៉ុន្តែនៅក្នុងការលើកឡើងរបស់លោក លោកបាននិយាយថា៖ «ខ្ញុំប្រហែលជានឹងត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ង់វិញ ទោះបីជាអ្នកបានប្រាប់ខ្ញុំថា កុំអី»។ លោកបានបន្ថែមថា៖ «ខ្ញុំចង់ឲ្យអាជ្ញាធរអ៊ីរ៉ង់ដឹងថា អ្នកត្រូវតែដោះលែងមនុស្សឲ្យមានសេរីភាព ហើយអ្នកមិនអាចនិយាយពាក្យថា ទេនោះឡើយ។ ប្រសិនបើអ្នកដាក់របងនៅពីមុខខ្ញុំ ខ្ញុំនឹងលោតរំលងរបងនោះ»៕