ប្រទេសអាល់ហ្សេរី ហ្គីយ៉ាន កូរ៉េខាងត្បូង សៀរ៉ាឡេអូន និងប្រទេសស្លូវេនី បានចាប់ផ្តើមតួនាទីរបស់ពួកគេ ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ។ អាណត្តិពីរឆ្នាំរបស់ប្រទេសទាំងនេះ បានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃចន្ទ។ ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារ គឺជាថ្ងៃធ្វើការដំបូងរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំ ២០២៤ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល។ ពិធីបង្ហូតទង់ជាតិ ត្រូវបានធ្វើឡើងដើម្បីប្រារព្ធការចាប់ផ្ដើមនៃការទទួលខុសត្រូវរបស់ពួកគេ។ សមាជិកជាប់ឆ្នោតថ្មីទាំងប្រាំរូប បានជំនួសសមាជិកមិនអចិន្ត្រៃយ៍របស់ប្រទេស អាល់បានី ប្រេស៊ីល ហ្គាបុង ហ្គាណា និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម សម្រាប់អំឡុងពេលឆ្នាំ ២០២៤-២០២៥ ។ អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសបារាំង ប្រចាំអង្គការសហប្រជាជាតិ លោក នៅកូឡាស់ ដេ រីវីយែ(Nicolas de Riviere) ដែលបានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែមករានេះ បានស្វាគមន៍សមាជិកសារព័ត៌មាន មកកាន់ក្រុមប្រឹក្សាសន្តិសុខ។ ការអង្គុយនៅក្នុងក្រុមប្រឹក្សាសន្តិសុខគឺជាការគោរព និងការទទួលខុសត្រូវ ជាពិសេសនៅពេលមានវិបត្តិក្នុងតំបន់កំពុងកើនឡើង ជាពិសេសនៅមជ្ឈិមបូព៌ា អឺរ៉ុបខាងកើត និងនៅអាហ្វ្រិក។ ប្រធានក្រុមប្រឹក្សាសន្តិសុខ បាននិយាយថា យើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នកគ្រប់គ្នា សម្រាប់រយៈពេលពីរឆ្នាំខាងមុខ ដើម្បីអនុវត្តការតព្វកិច្ចរបស់ក្រុមប្រឹក្សា រក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ និងដើម្បីការពារពហុភាគីនិយម ដោយគោរពតាមតម្លៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន ១៥រូប ក្នុងនោះ ៥រូប រួមមាន ចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក គឺជាសមាជិកអចិន្ត្រៃយ៍។ អាសនៈមិនអចិន្ត្រៃយ៍ចំនួន ១០រូប របស់ក្រុមប្រឹក្សាត្រូវបានបែងចែកតាមតំបន់ភូមិសាស្ត្រ ដោយ ៥រូប ត្រូវបានដាក់ជំនួសជារៀងរាល់ឆ្នាំ។ ក្រុមប្រឹក្សាសន្តិសុខ ត្រូវបានចាត់ទុកថាជាស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សា ដែលមានភារកិច្ចរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ អាចធ្វើសេចក្តីសម្រេចដែលមានចំណងផ្លូវច្បាប់ និងមានអំណាចក្នុងការដាក់ទណ្ឌកម្ម និងអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងប្រឆាំងរដ្ឋនានា។