
របបសឹកមីយ៉ាន់ម៉ា ប្រឈមនឹងការគំរាមកំហែងខ្លាំងបំផុតចំពោះអំណាចរបស់ពួកគេ ចាប់តាំងពីពួកគេដណ្តើមគ្របគ្រងដោយរដ្ឋប្រហារកាលពីឆ្នាំ ២០២១ ស្របពេលដែលពួកគេធ្វើសង្រ្គាមជាមួយសម្ព័ន្ធមិត្តក្រុមប្រឆាំងមិនធ្លាប់មានពីមុនមក ។
ភាពមិនចុះសម្រុងផ្ទៃក្នុង និងការបែកបាក់សាមគ្គី បានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់របបសឹកផងដែរ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយជាមួយអតីតមន្រ្តីនគរបាល ២នាក់ ដែលលួចរត់ចោលជួរ និងជួយក្រុមប្រឆាំង តាមរយៈការធ្វើឲ្យបែកធ្លាយព័ត៌មានចារកម្ម ។
លោក Yan ដែលបច្ចុប្បន្នមានអាយុ ២៤ឆ្នាំ បានរត់ភៀសខ្លួនចេញពីមីយ៉ាន់ម៉ាកាលពីខែមេសា ឆ្នាំ ២០២៣ ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មិនបានបញ្ចេញទីកន្លែងស្នាក់នៅរបស់គាត់បានទេ ដោយសារហេតុផលសន្តិសុខ ។
លោក Yan និយាយថា លោកចង់បានអនាគតសម្រាប់មីយ៉ាន់ម៉ា ជាកន្លែងដែលយោធាមិនអាចធ្វើរដ្ឋប្រហារម្តងហើយម្តងទៀត ។ លោកចង់បានយោធាដែលចេះស្តាប់បង្គាប់ប្រធានាធិបតីមីយ៉ាន់ម៉ា ។
លោក Yan បានចូលបម្រើកងកម្លាំងនគរបាលកាលពីចុងឆ្នាំ ២០២០ ប៉ុន្តែលោកសម្រេចចិត្តរត់ចោលជួរ ក្រោយលោកមើលឃើញការចាប់ខ្លួនដោយបំពាន និងការវាយដុំធ្វើបាបក្រុមបាតុករ អំឡុងវិធានការបង្ក្រាបយ៉ាងឃោឃៅរបស់យោធា ។ លោកនិយាយថា ប្រជាពលរដ្ឋស្អប់ពួកយើងខ្លាំងណាស់ លោកគ្មានអារម្មណ៍ល្អនោះទេ ពេលមើលឃើញទង្វើដ៏អសីលធម៌បែបនេះ ៕