បាល់ទាត់៖ សមាគមបាល់ទាត់អង់គ្លេស FA បានបញ្ជាក់ថា កីឡាករ និងសមាជិកក្រុមជំរើសជាតិអង់គ្លេសទាំងអស់សុទ្ធតែត្រូវបានធ្វើតេស្ត និងទទួលបានលទ្ធផលអវិជ្ជមាន Covid-19 ទាំងអស់គ្នា បន្ទាប់ពីការប្រកួតកាលពីថ្ងៃសុក្រកន្លកមកពេលជួបស្កុតឡេន។

ខ្សែបំរើស្កុតឡេន Billy Gilmour ដែលជាកីឡាករ ១១នាក់ដំបូងពេលស្កុតឡេនស្មើគ្នា ០-០ ជាមួយនឹងអង់គ្លេស និងជាកីឡាករឆ្នើមប្រចាំការប្រកួតនោះ ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន Covid-19 ខណៈពេលនេះកំពុងធ្វើចត្តាឡីស័ក។ FA បានបញ្ជាក់ទៀតថា កីឡាករទាំង ២៦នាក់របស់លោក Gareth Southgate រួមជាមួយក្រុមការងារទាំងអស់ត្រូវបានធ្វើតេស្តកាលពីថ្ងៃអាទិត្យ ដោយម៉ាស៊ីនពិសោធដែលទទួលស្គាល់ដោយ UEFA តែម្តងរឺហៅថា PCR Testing។ យ៉ាងណាក្តី FA ក៏បានចេញសេចក្តីថ្លែងការចុងក្រោយនៅយប់ថ្ងៃចន្ទម្សិលមិញថា កីឡាករពីរនាក់របស់អង់គ្លេសរួមមាន Mason Mount និង Ben Chilwell ត្រូវបង្ខំចិត្តនៅដាច់ដោយឡែកពីគេសិន បន្ទាប់ពីអ្នកទាំងពីរសុទ្ធតែបានប៉ះពាល់ផ្ទាល់ជាមួយ Billy Gilmour។
អង់គ្លេសនឹងត្រូវជួបឆេកយប់នេះដើម្បីរកកៅអីទៅជុំបន្ត ខណៈក្រុមទាំងពីរកំពុងមាន ៤ពិន្ទុដូចគ្នា។ ចំណែកស្កុតឡេនពាក់ព័ន្ធនឹងខ្សែបំរើ Billy Gilmour វិជ្ជមាន Covid-19 នោះសមាគមបាល់ទាត់ស្កុតឡេនបានបញ្ជាក់ថា មិនមានការប៉ះពាល់ដោយផ្ទាល់ណាមួយជាមួយកីឡាករវ័យ ២០ឆ្នាំរូបនេះឡើយ ខណៈកីឡាករ ២៥នាក់ផ្សេងទៀតសុទ្ធតែអវិជ្ជមាន នឹងអាចជួយក្រុមបានពេលជួបក្រូអាស៊ី។ ស្កុតឡេនជួបជាមួយក្រូអាស៊ីនៅថ្ងៃពុធនេះ ក្រុមទាំងពីរសុទ្ធតែការឈ្នះដាច់ខាតដូចគ្នាដើម្បីកៅអីនៅជុំបន្ត ពោលគឺក្រុមទាំងពីរមាន ១ពិន្ទុដូចគ្នាពីការប្រកួត ២លើក៕
អត្ថបទ៖នាង សុភាវុធ