ក្រុមនគរបាល និយាយថា មនុស្សយ៉ាងហោច ១២នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៣០នាក់ផ្សេងទៀត បានរងរបួស ពេលដែលរថយន្តក្រុងដឹកអ្នកដំណើរបុកជាមួយរថយន្តដឹកធ្យូងថ្មនៅស្រុក Golaghat ស្ថិតក្នុងរដ្ឋ Assam ប្រទេសឥណ្ឌា ។
លោក Rajen Singh គឺជាអធិការនគរបាលស្រុក Golaghat និយាយថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅទីក្រុង Balijan ជិតទីក្រុង Dergaon កាលពីព្រឹកថ្ងៃពុធនេះ ពេលដែលរថយន្តក្រុងដឹកមនុស្ស ៤៥នាក់ បុកជាមួយរថយន្តដឹកធ្យូងថ្ម ។
យោងតាមការអះអាងរបស់មន្រ្តីនគរបាលក្នុងស្រុកមួយរូប បានឲ្យដឹងថា ឧបទ្ទេវហេតុនេះ កើតឡើងនៅវេលាម៉ោង ៤ និង ៣០នាទីព្រឹក ពេលដែលរថយន្តក្រុងធ្វើដំណើរតាមផ្លូវទៅកាន់ទីក្រុង Tilinga Mandir ស្ថិតក្នុងស្រុក Tinsukia ដើម្បីធ្វើពិធីអាំងសាច់ ចេញពីទីក្រុង Kamargaon ស្ថិតនៅស្រុក Golaghat បុកជាមួយរថយន្តដឹកធ្យូងថ្ម ។
លោកថា មកទល់នឹងពេលនេះ មនុស្ស ១២នាក់ ត្រូវបានសម្លាប់ ហើយអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ដោយឡែក អ្នកគ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្រ្ត Jorhat និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្ស ៣០នាក់ដែលរងរបួស កំពុងទទួលបានការព្យាបាល ហើយរបួសរបស់ពួកគេមួយចំនួន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕