
ជំនួយការម្នាក់របស់មេដឹកនាំក្រុមហ៊ួទីរបស់ប្រទេសយេម៉ែន កាលពីថ្ងៃអង្គារ (ទី២ ខែមករា) បាននិយាយថា សហរដ្ឋអាមេរិក «នឹងមិនរួចផុតពីការដាក់ទោស និងការសងសឹកនោះទេ» បន្ទាប់ពីបានបាញ់ពន្លិចទូករបស់ក្រុមហ៊ួទីចំនួន៣ និងសម្លាប់ជនសកម្មប្រយុទ្ធ ១០នាក់ នៅក្នុងសមុទ្រក្រហម។
លេខាធិការរបស់មេដឹកនាំក្រុមហ៊ួទី លោក Abdel-Malek al-Houthi គឺលោក Safar Al-Sufi អំឡុងសន្និសីទកាសែត នៅទីក្រុង Sanaa របស់ប្រទេសយេម៉ែន បាននិយាយថា «សកម្មភាពមិនប្រុងប្រយ័ត្ន» របស់អាមេរិក ដែលតំណាងឲ្យអ៊ីស្រាអែល កំពុងប៉ះពាល់ដល់ការដឹកជញ្ជូនអន្តរជាតិ ហើយបានព្រមានថា សហរដ្ឋអាមេរិកនឹងមិនរួចផុតពី «ការដាក់ទោស និងការសងសឹក» នោះឡើយ។
ឧទ្ធម្ភាគចក្រអាមេរិក បានវាយទប់ស្កាត់ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់លើកប៉ាល់កុងតឺន័រ Maersk ក្នុងសមុទ្រក្រហម ដោយបានបាញ់ពន្លិចទូកចំនួន៣ ក្នុងចំណោមទូកចំនួន៤ និងបានសម្លាប់ជនសកម្មប្រយុទ្ធ ១០នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ។
ក្រុមហ៊ុន Maersk និងទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងថា ការប្រយុទ្ធគ្នាផ្នែកជើងទឹកនេះបានកើតឡើង ខណៈដែលក្រុមអ្នកវាយប្រហារ បានព្យាយាមឡើងទៅកាន់នាវា Maersk Hangzhou ដែលមានទង់ជាតិសិង្ហបុរី។
សូមបញ្ជាក់ថា ក្រុមហ៊ួទីរបស់យេម៉ែន បានកំណត់គោលដៅលើនាវានានា នៅក្នុងសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកាមក ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះក្រុមហាម៉ាស ដែលជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនធំៗ ប្រើប្រាស់ផ្លូវឆ្ងាយជាងមុន និងថ្លៃជាងមុន នៅជុំវិញជ្រោយ Cape of Good Hope របស់ទ្វីបអាហ្រ្វិក ជាជាងឆ្លងកាត់ព្រែកជីក Suez៕