
ក្រសួងការបរទេសចិន និយាយនៅថ្ងៃពុធនេះថា ចិនចង់ផ្តល់ជំនួយដល់ជប៉ុន ក្រោយការរញ្ជួយដីអង្រួនប្រទេសមួយនេះនៅថ្ងៃបុណ្យចូលឆ្នាំសកលឆ្នាំ ២០២៤ ។
លោក Wang Wenbin គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា គ្មានគ្រោះថ្នាក់ដល់ពលរដ្ឋចិន ត្រូវបានរាយការណ៍នោះទេនៅក្នុងការរញ្ជួយដី ។
ក្រុមអាជ្ញាធរជប៉ុន បានបញ្ជាក់ថា មនុស្ស ៦៤នាក់ បានស្លាប់មកទល់នឹងពេលនេះ ធ្វើឲ្យវាក្លាយជាការរញ្ជួយដីស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ ២០១៦ ។
នៅពេលសួរពីការបុកគ្នាពាក់ព័ន្ធនឹងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និងយន្តហោះឆ្មាំល្បាតឆ្នេរនៅអាកាសយានដ្ឋាន Haneda ស្ថិតក្នុងទីក្រុងតូក្យូ កាលពីថ្ងៃអង្គារ លោក Wang និយាយថា គ្មានពលរដ្ឋចិនណាម្នាក់ បានរងរបួសនៅក្នុងឧបទ្ទេវហេតុមួយនេះឡើយ ហើយជប៉ុន ក៏ពុំទាន់បានស្នើសុំជំនួយណាមួយនោះដែរ ។
លោក Wang បន្តថា មាននូវភ្ញៀវទេសចរហុងកុងចំនួន ១៤នាក់ នៅលើយន្តហោះក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ហើយស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុន បានទាក់ទងទៅកាន់ពួកគេផងដែរ ៕