
នៅថ្ងៃពុធនេះ ក្រុមអាជ្ញាធរជប៉ុន បានចាប់ផ្តើមការស៊ើបអង្កេតបំណែកយន្តហោះឆាបឆេះ នៅអាកាសយានដ្ឋាន ស្ថិតក្នុងទីក្រុងតូក្យូ ដើម្បីស្វែងរកហេតុផលនាំឲ្យយន្តហោះដឹកអ្នកដំណើរបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរកាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៥នាក់ ក្នុងនោះសារព័ត៌មានក្នុងស្រុក រាយការណ៍ថា ក្រុមនគរបាលកំពុងស៊ើបអង្កេតលើលទ្ធភាពនៃការធ្វេសប្រហែលរបស់ក្រុមមន្រ្តីអាកាសចរណ៍ស៊ីវិល ។
មនុស្សទាំងអស់ ៣៧៩នាក់ គេចផុតពីគ្រោះថ្នាក់នៅលើយន្តហោះដឹកអ្នកដំណើរ Airbus A350របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលបានផ្ទុះជាអណ្តាតភ្លើង ក្រោយពេលបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរ ពេលដែលយន្តហោះដឹកអ្នកដំណើរ ចុះចតនៅអាកាសយានដ្ឋាន Haneda កាលពីល្ងាចថ្ងៃអង្គារ ។
មានតែអាកាសយានិកម្នាក់ប៉ុណ្ណោះនៅលើយន្តហោះទម្លាក់គ្រាប់បែក Dash 8បានរស់រាន ពេលដែលពួកគេស្ថិតនៅក្នុងបេសកកម្មបញ្ជូនជំនួយទៅកាន់តំបន់ភាគខាងលិចជប៉ុន បន្ទាប់ពីគ្រោះរញ្ជួយដីសម្លាប់មនុស្សកាលពីថ្ងៃចន្ទ ។
មន្រ្តីគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជប៉ុន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃពុធនេះថា ក្រុមស៊ើបអង្កេតបានរកឃើញប្រអប់ខ្មៅយន្តហោះទម្លាក់គ្រាប់បែក Dash 8 ប៉ុន្តែពួកគេពុំប្រាកដថាទិន្នន័យអ្វីខ្លះនឹងអាចស្រង់ចេញពីវានោះឡើយ ។
ខណៈពេលនោះដែរ ក្រុមហ៊ុន Airbus និយាយថា ពួកគេនឹងបញ្ជូនក្រុមទីប្រឹក្សាបច្ចេកទេស ដើម្បីជួយដល់ការស៊ើបអង្កេតនេះផងដែរ ៕