
បន្ទាប់ពីមានការព្រមានដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រទេសចិន នៅថ្ងៃពុធ (ទី៣ ខែមករា) នេះ បាននិយាយថា វានឹងកា្លយជារឿង «អសីលធម៌ និងមិនអាចទទួលយកបាន» នោះទេ ប្រសិនបើការរឹតបន្តឹងសន្តិសុខជាតិ រារាំងយ៉ាងខ្លាំងដល់កំណើនពិភពលោក ដោយសារតែការយកបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មធ្វើជានយោបាយ។
អគ្គនាយករង IMF លោកស្រី Gita Gopinath កាលពីខែធ្នូ បាននិយាយថា ផលិតផលសរុបក្នុងស្រុក (GDP) អាចនឹងត្រូវកាត់បន្ថយពី ២,៥ភាគរយ ទៅ ៧ភាគរយ ប្រសិនបើសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកបែងចែកជា ២ប្លុក ដោយសហរដ្ឋអាមេរិក និងអឺរ៉ុប គ្របដណ្ដប់លោកខាងលិច ហើយចិន និងរុស្ស៊ី ក្ដោបក្ដាប់នៅខាងកើត ឬបូព៌ា។
នៅឯសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា៖ «សង្រ្គាមពាណិជ្ជកម្ម ដែលមានសង្គ្រាមវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សមយុទ្ធក្នុងបំណងផ្ដាច់ខ្លួន ឬកាត់បន្ថយហានិភ័យ គឺស្ថិតនៅក្នុងមូលដ្ឋានសំខាន់ទាំងអស់ ដែលយកបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មធ្វើជានយោបាយ»។
លោក Wang បានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយគ្រប់ភាគី ដើម្បីគាំទ្រសកលភាវូបនីយកម្មសេដ្ឋកិច្ចជាបរិយាបន្ន ជំទាស់ដាច់ខាតនូវការប្រឆាំងនឹងសកលភាវូបនីយកម្ម និងមិនគាំទ្រ ចំពោះគ្រប់ទម្រង់នៃឯកតោភាគីនិយម និងការការពារនិយម៕