
យោធាហ្វីលីពីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការល្បាតរួមគ្នារយៈពេល ២ថ្ងៃ នៅក្នុងសមុទ្រចិនខាងត្បូង នាថ្ងៃពុធ (ទី៣ ខែមករា)។
ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Romeo Brawner បាននិយាយថា សកម្មភាពយោធារួមគ្នាលើកទី២ នេះ បានបង្ហាញពី «ការរីកចម្រើនយ៉ាងខ្លាំងក្លា» នៅក្នុងសម្ព័ន្ធភាពរបស់ទីក្រុងម៉ានីល ជាមួយសហរដ្ឋអាមេរិក។
ភាពតានតឹងបាននិងកំពុងកើនឡើងនៅសមុទ្រចិនខាងត្បូង ដែលហ្វីលីពីន និងចិន បានស្តីបន្ទោសគ្នាទៅវិញទៅមក ជុំវិញការមានជម្លោះឥតស្រាកស្រាន្ត។ កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំង បាននិយាយថា ខ្លួននឹងមិនធ្វើជាមិនដឹងមិនឮ ចំពោះការបង្កហេតុ និងការរុកកួនដដែលៗរបស់ហ្វីលីពីននោះឡើយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ក៏បានចោទប្រកាន់ក្រុងម៉ានីលដែរថា ពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីបន្តប្រឆាំងនឹងចិន៕