
លោក Naeem Haider Panjutha ដែលជាម្នាក់ ក្នុងចំណោមមេធាវីរបស់លោក Imran Khan បាននិយាយថា កូនក្ដីរបស់ខ្លួន គឺអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន នៅថ្ងៃពុធ (ទី៣ ខែមករា) នេះ ត្រូវបានចោទប្រកាន់ពីបទមិនគោរពគណៈកម្មការបោះឆ្នោត ដែលជាការសម្រេចមួយ ទាក់ទងនឹងការចោទប្រកាន់នានា ដែលរូបលោកបានធ្វើការយល់ឃើញបែបប្រមាថ អំពីប្រធានគណៈកម្មការរៀបចំការបោះឆ្នោត។
លោក Khan បានធ្លាក់ចូលភាពច្របូកច្របល់ក្នុងជម្លោះនយោបាយ និងផ្លូវច្បាប់ ចាប់តាំងពីរូបលោកត្រូវបានទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រី ក្នុងខែមេសា ឆ្នាំ២០២២។ អតីតកីឡាករគ្រីកឃិកវ័យ ៧១ឆ្នាំរូបនេះមិនត្រូវបានគេឃើញជាសាធារណៈនោះទេ ចាប់តាំងពីត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ កាលក្នុងខែសីហា ពីបទលក់ទ្រព្យអំណោយរបស់រដ្ឋដោយខុសច្បាប់ ក្នុងពេលកាន់តំណែង ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ មេធាវីរបស់ Khan លោក Naeem បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «គណៈកម្មការរៀបចំការបោះឆ្នោត បានចោទប្រកាន់លោក Imran Khan ដោយមិនមានវត្តមានក្រុមមេធាវី»។
គណៈកម្មការរៀបចំការបោះឆ្នោតប៉ាគីស្ថាន (ECP) បានផ្តួចផ្តើមឲ្យមាននីតិវិធីប្រមាថប្រឆាំងនឹងលោក Khan និងអតីតមេដឹកនាំផ្សេងទៀតនៃគណបក្ស Pakistan Tehreek-e-Insaf (PTI) ដោយនិយាយថា លោក Khan និងសហការីរបស់លោក បានរិះគន់ចំអក និងមើលងាយចំពោះប្រធានគណៈកម្មការរៀបចំការបោះឆ្នោតប៉ាគីស្ថាន ហើយនិងប្រើភាសាមិនសមរម្យ និងជេរប្រមាថ។
លោក Khan ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាមេដឹកនាំដ៏មានប្រជាប្រិយបំផុតរបស់ប្រទេស បានបដិសេធរាល់ការចោទប្រកាន់ប្រឆាំងនឹងរូបលោក ហើយនិយាយថា លោកត្រូវបានឃុំឃាំងដោយយោធាដ៏មានអំណាច ដែលចង់រារាំងរូបលោកមិនឲ្យចូលរួមការបោះឆ្នោត ដែលគ្រោងកើតមាននៅខែក្រោយ។ យោធាបដិសេធការលើកឡើងនេះ។ កាលពីសប្តាហ៍មុន តុលាការជាន់ខ្ពស់ បានបដិសេធមិនលុបចោលការដកសិទ្ធិ ដែលរារាំងលោក Khan មិនឲ្យប្រកួតប្រជែងក្នុងការបោះឆ្នោតនោះឡើយ៕