
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី០៣ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងជំរុញ និងគាំទ្រឱ្យរោងចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ។
ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ការអនុវត្តតាមការណែនាំរបស់ឯកឧត្តមបែបនេះ នឹងធ្វើឲ្យរោងចក្របន្តដំណើរការទៅបានដោយចីរភាព និងផលចំណេញ ព្រមទាំងបានចូលរួមជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដើម្បីសម្រេចបាននូវភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន។
ជាការឆ្លើយតប លោក សួរ ហុង ម្ចាស់រោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ និងស្វែងយល់អំពីក្តីកង្វល់របស់រោងចក្រដើម្បីជួយរកដំណោះស្រាយ ធ្វើយ៉ាងណាឲ្យរោងចក្របានដំណើរការទៅដោយរលូន និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ព្រមទាំងសុខមាលភាពប្រជាពលរដ្ឋកម្ពុជា៕អត្ថបទ៖ទូច សោភ័ណ



