ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការបំផ្ទុះគ្រាប់បែកចំនួន២ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៥នាក់ក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ដោយបានបំផ្ទុះនៅក្នុង ហ្វូងមនុស្សដែលកំពុងប្រារព្ធពិធីរំលឹកដល់វិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ កាសេម សូឡេម៉ានី (Qasem Soleimani) បួនឆ្នាំបន្ទាប់ពីការស្លាប់របស់លោកនៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNAនិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៥ នាក់ ខណៈទូរទស្សន៍រដ្ឋរាយការណ៍ថាមនុស្ស ២១១ នាក់បានរងរបួស ហើយមួយចំនួនមានស្ថានភាពធ្ងន់ធ្ងរ។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) បានស្តីបន្ទោស សត្រូវអាក្រក់ និងឧក្រិដ្ឋជន របស់ប្រទេសនេះ ចំពោះការវាយប្រហារនេះ ហើយបានប្តេជ្ញា ឆ្លើយតបយ៉ាងធ្ងន់ធ្ងរ។
ការផ្ទុះពីរលើកដែលបានហៅថាជា ការវាយប្រហារភេរវកម្ម ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងក្រុមអាជ្ញាធរក្នុងតំបន់ បានកើតឡើងស្របពេលមានភាពតានតឹងខ្លាំងនៅមជ្ឈិមបូព៌ា ជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងការសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាសនៅលីបង់កាលពីថ្ងៃអង្គារ។

ការវាយប្រហារ គ្មានការអះអាង ដែលបង្កឱ្យមានការភ័យខ្លាចនៃជម្លោះកាន់តែធំនៅក្នុងតំបន់ បានធ្វើឱ្យទីផ្សារសកល រង្គោះរង្គើរ ដែលធ្វើតម្លៃប្រេងបានកើនឡើងជាងបីភាគរយ។
ការបំផ្ទុះនៅចន្លោះពីគ្នាប្រហែល១៥ នាទីបានវាយប្រហារនៅជិតទីបញ្ចុះសព នៅវិហារអ៊ីស្លាម សាហេបអាល់ ហ្សាម៉ាន់ (Saheb al-Zaman) ក្នុងទីក្រុងឃើមែន(Kerman) ដែលជាស្រុកកំណើតភាគខាងត្បូងរបស់លោក សូឡេម៉ានី ស្របពេលក្រុមអ្នកគាំទ្របានប្រមូលផ្តុំគ្នាដើម្បីរំឮកដល់ការស្លាប់របស់លោកនៅក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២០ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។
សារព័ត៌មាន IRNA បាននិយាយថា ការផ្ទុះដំបូងបានកើតឡើងប្រហែល ៧០០ ម៉ែត្រពីផ្នូររបស់ លោក សូឡេម៉ានី ចំណែកការផ្ទុះមួយទៀតនៅចម្ងាយប្រហែលមួយគីឡូម៉ែត្រ។
លោកប្រធានាធិបតី Ebrahim Raisi បានថ្កោលទោសឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃ ខណៈសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស៕
