អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងកាលពីថ្ងៃពុធ ចំពោះការបំផ្ទុះគ្រាប់បែកនៅក្នុងពិធីមួយក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីគោរពដល់អតីតមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem Soleimani ។
ការផ្ទុះចំនួនពីរលើកបានសម្លាប់មនុស្សជិត ១០០នាក់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងពិធីកាលពីថ្ងៃពុធដើម្បីរំលឹកដល់មេបញ្ជាការជាន់ខ្ពស់ លោក Qassem Soleimani ដែលត្រូវបានសម្លាប់ដោយយានដ្រូនរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២០ ដោយបានដាក់កំហុសលើ ក្រុមភេរវករដែលមិនបានបញ្ជាក់។

លោកស្រី Florencia Soto Nino អ្នកនាំពាក្យរងរបស់អគ្គលេខាធិការបាននិយាយថា លោកអគ្គលេខាធិការបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារនេះទៅលើពិធីរំលឹកវិញ្ញាណក្ខន្ធ នៅទីក្រុង Kerman ក្នុងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ លោកស្រី Soto Nino បាននិយាយបន្ថែមថា លោកអគ្គលេខាធិការ បានអំពាវនាវឱ្យអ្នកទាំងនោះត្រូវចេញមកទទួលខុសត្រូវ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ពីការបំផ្ទុះលើកទីមួយ និងបន្ទាប់មកមានការផ្ទុះលើកទីពីរ ក្នុងអំឡុងពេលព្រឹត្តិការណ៍ខួបដែលមានមនុស្សច្រើន នៅទីបញ្ចុះសពរបស់លោក Soleimani ត្រូវបានបញ្ចុះនៅក្នុងទីក្រុង Kerman ភាគអាគ្នេយ៍។
ទូរទស្សន៍រដ្ឋបាននិយាយថា មនុស្សជិត១០០នាក់បានស្លាប់ និង២១១នាក់ផ្សេងទៀតបានរងរបួស ដែលធ្វើឱ្យវាក្លាយជាការវាយប្រហារដ៏ឃោឃៅបំផុតមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានប្រឈមមុខនឹងឧប្បត្តិហេតុស្រដៀងគ្នា កាលពីពេលកន្លងមក ពីក្រុមផ្សេងៗ រួមទាំងក្រុមរដ្ឋអ៊ីស្លាមផងដែរ៕
