ទីបញ្ជាការតំបន់ភាគខាងត្បូងរបស់យោធាបាននិយាយថា យោធាចិនកំពុងធ្វើការល្បាតជាប្រចាំជាមួយកងកម្លាំងទ័ពជើងទឹក និងដែនអាកាសរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ពីថ្ងៃពុធ (០៣ មករា) ដល់ថ្ងៃព្រហស្បតិ៍ (០៤ មករា) នេះខណៈដែលភាពតានតឹងកំពុងបន្តកើតមាននៅក្នុងតំបន់ជុំវិញដែនទឹកដែលមានជម្លោះនេះ។

ទីបញ្ជាការនេះបាននិយាយថា កងទ័ពនៅក្នុងតំបន់នឹងមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ហើយនឹងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងសិទ្ធិដែនសមុទ្រ។ ការល្បាតនេះក៏មានគោលបំណងរារាំងសកម្មភាពដែលរំខានដល់សមុទ្រចិនខាងត្បូង និងបង្កើត «ចំណុចក្តៅ» នៅក្នុងតំបន់នេះ នេះបើតាមយោធាបាននិយាយនៅលើគណនីបណ្ដាញសង្គម វីឆាត (Wechat) របស់ទីបញ្ជាការតំបន់ភាគខាងត្បូង។

សមយុទ្ធនេះកើតឡើងខណៈដែលចិនប្រឈមនឹងភាពតានតឹងកើនឡើងក្នុងតំបន់ ជាពិសេសជាមួយហ្វីលីពីន។ ប្រទេសទាំងពីរនាពេលថ្មីៗនេះបានចោទដាក់គ្នាទៅវិញទៅមកជាច្រើនជុំវិញការប្រឈមមុខដាក់គ្នាក្នុងដែនសមុទ្រដ៏តានតឹងនេះ។
ហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការល្បាតរួមគ្នារយៈពេលពីរថ្ងៃនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ ដែលជាទង្វើមួយទំនងជាធ្វើឱ្យចិនខឹងសម្បារ។
កាលពីសប្តាហ៍មុន ហ្វីលីពីនបាននិយាយថា ខ្លួនមិនបានបង្កជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងទេ ដោយឆ្លើយតបទៅនឹងការចោទប្រកាន់របស់ចិនដែលថាទីក្រុងម៉ានីល កំពុងរំលោភបំពានលើទឹកដីរបស់ទីក្រុងប៉េកាំង៕