បាល់ទាត់៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានទទូចមិនចង់ឱ្យវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ទ្វីបអឺរ៉ុប Euro ២០២០ ត្រូវរៀបចំឡើងនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។

បើសិនមិនមានការប្រែប្រួលទេ Euro ២០២០ ដែលធ្វើឡើងនៅទីក្រុងជុំវិញតំបន់អឺរ៉ុបមួយនេះនឹងបញ្ចប់នៅកីឡដ្ឋាន Wembley ដែលជាទឹកដីរបស់ក្រុមបាល់ទាត់ជំរើសជាតិអង់គ្លេស។ Wembley បានរៀបចំការប្រកួតបីប្រកួតក្នុងពូល D របស់អង់គ្លេស និងវគ្គចាញ់ធ្លាក់មួយចំនួនទៀត។ យ៉ាងណាក្តីនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះ Wembley មិនសក្តិសមជាកន្លែងសមស្របមួយ ដើម្បីទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមានមនុស្សច្រើនកុះករ ស្របពេលដែលប្រទេសមួយនេះកំពុងមានករណីឆ្លងកើនឡើងខ្លាំងបែបនេះឡើយ។
លោក Mario Draghi មានបំណង់ចង់អោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ធ្វើឡើងនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីវិញ។ សូមបញ្ជាក់ថា កីឡដ្ឋាន Wembley មានគំរោងទទួលអោយមានអ្នកគាំទ្រចូលទស្សនាដល់ទៅ ៦៥០០០នាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ខណៈគំរោងនេះ UEFA កំពុងពិភាក្សារជាមួយរដ្ឋាភិបាលអង់គ្លេស៕
អត្ថបទ៖នាង សុភាវុធ