ក្រសួងការបរទេសអាមេរិក បានរាយការណ៍កាលពីថ្ងៃទី២ ខែមករាថា រដ្ឋមន្ត្រីការបរទេស លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដេវីត កាមេរូន (David Cameron) បានសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន។

លោកប្ល៊ីនខិន និង លោកកាមេរូន ក៏បានពិភាក្សាគ្នាអំពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយផ្តោតលើការកែលម្អការការពារប្រជាជនស៊ីវិល និងការផ្តល់ជំនួយមនុស្សធម៌។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា៖«ពួកគេបានពិភាក្សាអំពីសារៈសំខាន់នៃសកម្មភាពពហុភាគីរួម ដើម្បីប្រឆាំងនឹងការគំរាមកំហែងជាសកលដែលកើតឡើងពីការវាយប្រហាររបស់ក្រុមឧទ្ទាមហួទីដែលគាំទ្រដោយអ៊ីរ៉ង់លើនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម»។

លោកទាំងពីរ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីជួយអ៊ុយក្រែន ក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បាននិយាយជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ុណាក់ (Rishi Sunak) កាលពីថ្ងៃទី២ ខែមករា។ ពួកគេ បានពិភាក្សាអំពីការពង្រឹងការការពារដែនអាកាសអ៊ុយក្រែន និងសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។