ប្រជាជនហ្កាហ្សា អាចត្រូវបានបញ្ជូនទៅប្រទេសកុងហ្គោ នៅពេលបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ក្រោម «គម្រោងទេសន្តរប្រវេសន៍ដោយស្ម័គ្រចិត្ត»។
រដ្ឋាភិបាលរបស់លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការចរចាសម្ងាត់ ដែលលោកកំពុងចង់ឲ្យប្រទេសកុងហ្គោ និងប្រទេសដទៃទៀតទទួលយកជនអន្តោប្រវេសន៍រាប់ពាន់នាក់។

ប្រភពដ៏សំខាន់មួយនៅក្នុគណៈកម្មាការធិការទទួលបន្ទុកផ្នែកសន្តិសុខ បានប្រាប់គេហទំព័រព័ត៌មាន Zman Israelថា៖«ប្រទេសកុងហ្គោ នឹងមានឆន្ទៈក្នុងការទទួលយកជនអន្តោប្រវេសន៍ ហើយយើងកំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត»។

របាយការណ៍ព័ត៌មាន បានឲ្យដឹងថា៖«ការធ្វើទេសន្តរប្រវេសន៍របស់ប្រជាជនហ្កាហ្សា កំពុងក្លាយជាគោលនយោបាយនាំមុខគេរបស់រដ្ឋាភិបាលដែលជាដំណោះស្រាយមួយចំពោះជម្លោះនេះ។

នៅក្នុងតំបន់ហ្កាហ្សា វិបត្តិមនុស្សធម៌កំពុងកើនឡើង ចំពេលមានការខ្វះខាតការផ្គត់ផ្គង់ រួមទាំងស្បៀងអាហារ និងទឹកស្អាតផងដែរ។ តើនឹងមានអ្វីកើតឡើងចំពោះដែនដីនេះ នៅចុងបញ្ចប់នៃការប្រយុទ្ធគ្នានៅមិនទាន់ច្បាស់នៅឡើយនោះ។
ប្រទេសកុងហ្គោមានកម្រិតវិសមភាពខ្ពស់ ហើយ ៥២,៥ភាគរយនៃចំនួនប្រជាជន រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
លោកណេតាន់យ៉ាហ៊ូ បានថ្លែងប្រាប់កិច្ចប្រជុំបក្សសម្ព័ន្ធ Likud កាលពីសប្តាហ៍មុនថា លោកកំពុងធ្វើការឆ្ពោះទៅរកការសម្របសម្រួលឲ្យមានការធ្វើទេសន្តរប្រវេសន៍ដោយស្ម័គ្រចិត្តនៃប្រជាជនហ្កាហ្សា។