អ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធចំពោះការបំផ្ទុះគ្រាប់បែកពីរលើកផ្ទួនៗគ្នា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៩៥នាក់ នៅភាគខាងត្បូងរបស់ប្រទេសនេះ ដែលបានផ្ទុះនៅក្នុងហ្វូងមនុស្សកំពុងប្រមូលផ្ដុំគ្នាប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធលោកឧត្តមសេនីយឆ្មាំបដិវត្ត លោក Qasem Soleimani បួនឆ្នាំបន្ទាប់ពីការស្លាប់របស់លោកក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក។

លោក មហាម៉ាត់ ចាំស៊ីឌី (Mohammad Jamshidi)អនុប្រធានផ្នែកនយោបាយរបស់ប្រធានាធិបតីអ៊ីរ៉ង់ បានសរសេរនៅលើបណ្ដាញសង្គម X ថា ក្រុងវ៉ាស៊ីនតោននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គ្មានតួនាទីក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងឃើម៉ាន់(Kerman) បើមិនមែន អញ្ចឹងគឺប្រទេសអ៊ីរ៉ង់ទេមែនទេ?។កញ្ជ្រោង ធំក្លិនខ្លួនគ្នារបស់វាមុនគេ។

លោកបានបន្ថែមថា កុំធ្វើខុស ការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនេះស្ថិតនៅជាមួយរបបរបស់សហរដ្ឋអាមេរិក និង ស៊ីយ៉ូនីស (Zionist) របស់អ៊ីស្រាអែល ហើយអំពើភេរវកម្មគ្រាន់តែជាឧបករណ៍មួយប៉ុណ្ណោះ។
សហរដ្ឋអាមេរិកបានច្រានចោលរាល់ការលើកឡើងដែលថាខ្លួនឬសម្ព័ន្ធមិត្តអ៊ីស្រាអែលពាក់ព័ន្ធខណៈអ៊ីស្រាអែលបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះ។

អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាត់ស៊ូ មីល័រ (Matthew Miller)បាននិយាយថា សហរដ្ឋអាមេរិកពុំបានជាប់ពាក់ព័ន្ធក្នុងមធ្យោបាយណាមួយឡើយ យើងមិនមានហេតុផលដែលត្រូវជឿថាអ៊ីស្រាអែលមានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះនេះនោះទេ។
នៅពេលសួរអំពីការបំផ្ទុះនេះ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយថា យើងផ្តោតលើការប្រយុទ្ធជាមួយក្រុមហាម៉ាសតែប៉ុណ្ណោះ៕