ក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ និងកងទ័ពអ៊ីស្រាអែល បានធ្វើសេចក្តីថ្លែងការណ៍ ដែលបាននិយាយថា សត្រូវដែលបើកចំហទាំងពីរ មានបំណងបញ្ចៀសហានិភ័យពីការរីករាលដាលសង្រ្គាម លើសពីតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដោយយានដ្រូន បណ្តាលឲ្យមេដឹកនាំរងក្រុមហាម៉ាសប៉ាឡេស្ទីនម្នាក់ស្លាប់ នៅទីក្រុងបេរូត។

នៅក្នុងសុន្ទរកថាក្នុងទីក្រុងបេរូត កាលពីថ្ងៃពុធ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បានប្តេជ្ញាថា ក្រុមជីវពលនិកាយស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពលរបស់លោក មិនអាចនៅស្ងៀមបានឡើយ បន្ទាប់ពីការសម្លាប់មេដឹកនាំរងក្រុមហាម៉ាស លោក Saleh al-Arouri កាលពីថ្ងៃអង្គារ។

លោក Nasrallah បាននិយាយថា កងកម្លាំងប្រដាប់អាវុធដ៏ច្រើនរបស់លោក នឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ ប្រសិនបើអ៊ីស្រាអែល ជ្រើសរើសការបន្តសង្គ្រាមចូលទៅកាន់ប្រទេសលីបង់ ប៉ុន្តែលោកពុំបានគំរាមកំហែងជាក់ស្តែងណាមួយ ដើម្បីធ្វើសកម្មភាពប្រឆាំងអ៊ីស្រាអែល ក្នុងការគាំទ្រក្រុមហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្តមនាវីឯក Daniel Hagari នៅពេលត្រូវបានសួរថាតើ អ៊ីស្រាអែលនឹងធ្វើអ្វីដើម្បីត្រៀមសម្រាប់ការឆ្លើយតបទៅកាន់ក្រុមហេសបូឡាដ៏មានសក្តានុពល ដោយលោកបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងមិនឆ្លើយតបទៅនឹងអ្វីដែលទើបតែបានលើកឡើងនោះទេ។ យើង ផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងក្រុមហាម៉ាស។ អ្នកនាំពាក្យសេតវិមាន លោក John Kirby ដែលត្រូវបានសួរអំពីសុន្ទរកថារបស់លោក Nasrallah បានប្រាប់អ្នកសារព័ត៌មានថា យើងពុំបានឃើញក្រុមហេសបូឡា ជាប់ពាក់ព័ន្ធក្នុងស្ថានភាពជំនួយ និងការដឹកជញ្ជូនជំនួយរបស់ក្រុមហាម៉ាសនោះទេ។ ការស្លាប់របស់ Aouri គឺជាសញ្ញាមួយបន្ថែមទៀត នៃសក្ដានុពលដែលសង្រ្គាមរយៈពេលជិតបីខែ អាចរាលដាលយ៉ាងខ្លាំងហួសពីតំបន់ហ្កាហ្សា ដោយអូសទាញទាំងនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កងកម្លាំងហេសបូឡានៅលើព្រំដែនប្រទេសលីបង់-អ៊ីស្រាអែល និងផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម។