ប្រមុខក្រុមឧទ្ទាមហេសបូឡា (Hezbollah) របស់ប្រទេសលីបង់បាននិយាយកាលពីថ្ងៃពុធ (០៣ មករា) ថាខ្លួនមិនអាចនៅស្ងៀមបានទេបន្ទាប់ពីការសម្លាប់មេដឹកនាំរងរបស់ក្រុមហាម៉ាស នៅទីក្រុងបេរូត ហើយបានព្រមានថាកងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងរបស់លោកនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ ប្រសិនបើអ៊ីស្រាអែលជ្រើសរើសបន្តសង្គ្រាមពីតំបន់ហ្កាហ្សា ទៅដល់លីបង់។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ លោក សាយយ៉េដ ហាសសាន ណាស្រាលឡាស (Sayyed Hassan Nasrallah) បានបន្ទោសអ៊ីស្រាអែល ចំពោះការវាយប្រហារនោះ និងបានសម្ដែងការរំលែកទុក្ខដល់ក្រុមហាម៉ាស សម្រាប់អ្វីដែលលោកហៅថា «ការឈ្លានពានដ៏ច្បាស់របស់អ៊ីស្រាអែល» ដែលបានសម្លាប់លោក សាឡេស អាល់ អារ៉ួរី (Saleh al-Arouri)។

ក្នុងពេលជាមួយគ្នានោះ កងកម្លាំងអ៊ីស្រាអែលបានបន្តវាយលុកពីលើអាកាស និងជើងគោកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ហើយបានប្រាប់ជនស៊ីវិលឱ្យចាកចេញពីជំរំជនភៀសខ្លួនមួយនៅភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ។
អ៊ីស្រាអែល ដែលបានបង្កការបំផ្លិចបំផ្លាញដល់តំបន់ហ្កាហ្សាស្ទ្រីប ក្នុងការវាយលុកមួយដើម្បីលុបបំបាត់ក្រុមហាម៉ាស មិនបានអះអាងទទួលខុសត្រូវ ឬបដិសេធថាខ្លួនមិនបានធ្វើឃាតលោក សាឡេស អាល់ អារ៉ួរី នៅក្នុងការវាយប្រហារដោយយានដ្រូននៅក្នុងរដ្ឋធានីលីបង់ កាលពីថ្ងៃអង្គារនោះទេ។ ប៉ុន្តែអ្នកនាំពាក្យយោធារបស់រដ្ឋជី្វហ្វមួយនេះបាននិយាយថា កងកម្លាំងអ៊ីស្រាអែលកំពុងស្ថិតក្នុងស្ថានភាពត្រៀមខ្លួនខ្ពស់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូណាមួយដែលអាចកើតមាន៕